កូរ៉េខាងជើង៖ នៅថ្ងៃទី២៩ខែមីនានេះ អាមេរិកបានបញ្ជូនយន្តហោះស៊ើបការណ៍ ទៅតាមដានសកម្មភាពរបស់កូរ៉េខាងជើង ក្រោយពេលប្រទេសនេះ បានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ចូលទៅកាន់សមុទ្រជប៉ុន។
សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា ៖ កូរ៉េខាងជើង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានបាញ់មីស៊ីល២គ្រាប់ទៅកាន់សមុទ្រចូលទៅកាន់សមុទ្រជប៉ុន ។ កូរ៉េខាងត្បូងបានហៅសកម្មភាពរបស់កូរ៉េខាងជើងថា «មិនសមរម្យ» ដោយច្ចុប្បន្ននេះ ពិភពលោកទាំងមូលបាននិងកំពុងវ៉ល់នឹងរឿងរាតត្បាតជំងឺកូវីដ១៩ ងើបមុខមិនរួចនោះ ។
នាយអគ្គសេនាធិការកម្លាំងចម្រុះកូរ៉េខាងត្បូងបានថ្លែងថា បានពើបប្រទះនូវការហោះហើរប្រព័ន្ធមីស៊ីលរបស់កូរ៉េខាងជើងចេញពីទីក្រុងមាត់សមុទ្រ Wonsan ទៅកាន់ដែនសមុទ្ររវាងឧបទ្វីបកូរ៉េ ហើយនិងជប៉ុនកាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ។
នៅក្នុងសេចក្តីថ្លែងការណ៍ នាយអគ្គសេនាធិការចម្រុងកងទ័ពកូរ៉េខាងត្បូងបញ្ជាក់ថា មីស៊ីលនោះហោះបានរយៈចម្ងាយ២៣០គីឡូម៉ែត្រ ក្នុងកម្ពស់៣០គីឡូម៉ែត្រ ។ ជំនាញការរបស់កូរ៉េខាងត្បូងបាននិងកំពុងវិភាគស៊ីជម្រៅបន្ថែមទៀតពាក់ព័ន្ធការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលចុងក្រោយបំផុតនេះ ។
កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងប្រព័ន្ធមីស៊ីល ហើយនិងកាំភ្លើងធំ នៅក្នុងអ្វីដែលគេមើលឃើញថា ហាក់ដូចជាការខិតខំអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងថែមទៀត សមត្ថភាពយោធារបស់ខ្លួន ចំពេលដែលកំពុងតែជាប់គាំងកិច្ចពិភាក្សារំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះ ៕ ដោយ៖ ធីរីណា