ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមីនា នេ បានចេញបទបញ្ជាជាបន្ទាន់មួយទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ។ ដោយសម្តេចបញ្ជាក់ថា៖ ជូនថ្នាក់ដឹកនាំយើងនៅក្នុងគ្រុបប្រឆាំងកូវីដ១៩ តាមដានព័ត៌មាន ខណៈចេះតែរីកទៅៗ ហើយពាក់ព័ន្ធនឹងឧបករណ៍ធ្វើតេស្តកូវីដ១៩ វាចេះតែបន្តទៅហើយ។ ទោះបីថា លោក ម៉ម ប៊ុនហេង សុំការអនុញ្ញាតផ្សព្វផ្សាយបំបាត់ករណីនេះ ក៏ចេះតែបន្ត ។ យើងឥឡូវខ្ញុំគ្មានជម្រើសទេសូមឱ្យលោក ម៉ម ប៊ុនហេង គឺក្នុងខណៈដែលដឹងស្គាល់បញ្ហានេះធ្វើការជាមួយនិងនគរបាល,កងរាជអាវុធហត្ថដើម្បីចុះចាប់យកឧបករណ៍ហ្នឹងតែម្ដងកុំឱ្យយកទៅណាទៀត ដោយសារតែមិនមានការអនុញ្ញាតពីអង្គការសុខភាពពិភពលោក ហើយធ្វើការជាមួយព្រះរាជអាជ្ញាដើម្បីសម្របសម្រួលការងារហ្នឹងចុះចាប់យកតែម្ដង។ សម្តេចថ្លែងថា៖ ដំណាក់កាលនេះហើយ មិនអាចនិយាយបានច្រើនទេគឺចុះចាប់យកតែម្ដង។ ដូច្នេះសូមមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការអនុវត្តជាបន្ទាន់ភ្លាម ។ សម្តេចបានលើកឡើងថា៖ ភាគច្រើនឧបករណ៍នេះនៅទីក្រុងភ្នំពេញ អញ្ចឹងអភិបាលខេត្តទាំងអស់ត្រូវតែធ្វើការងារនេះឲ្យបានល្អជាងនេះ កុំអោយមានការរីករាលដាលកាន់តែធំជាងហ្នឹង។ នេះជាវិធានការដែលយើងត្រូវទប់ស្កាត់ដើម្បីផលប្រយោជន៍ប្រជាជនទូទាំងប្រទេស កុំឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺរាតត្បាតនេះហើយ ថែមទាំងត្រូវរងគ្រោះដោយសារតែមនុស្សប្រព្រឹត្ត អញ្ចឹងខ្ញុំចេញបទបញ្ជាឱ្យកម្លាំងទាំងអស់ត្រូវចេញប្រតិបត្តិការកន្លែងណាដែលមាន នៅតាមរាជធានី-ខេត្តត្រូវតែមើលការងារនេះ កន្លែងណាមានលក់គឺចាប់យកតែម្ដង៕ដោយ៖ សិលា