ភ្នំពេញ៖ សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានរួមគ្នា ដោយតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ និងគ្រឿងលម្អផ្សេងៗក្នុងនាមជាទេពត្តាឆ្នាំថ្មីបុត្រីទាំង៧អង្គរបស់កបិលមហាព្រហ្ម។ ការជួបជុំនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមីនានេះនៅតំបន់ទីសក្ការៈបូជាមួយកន្លែងនាវត្តព្រះធាតុសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សិល្បករប្រុសស្រីល្បីឈ្មោះ៨រូបរួមគ្នាគ្រងសម្លៀកបំពាក់ទេវត្តាឆ្នាំថ្មីដើម្បីរួមគ្នាថែរក្សា អភិរក្សផ្សព្វផ្សាយវប្បធម៌ជាតិឲ្យកូនខ្មែរបានស្គាល់ មានដូចជា លោក នូ ឧសភា តែងលម្អខ្លួនក្នុងនាមតំណាងពង្សទេវតាប្រុសសម្រាប់ឆ្នាំជូត ខណៈខណៈសិល្បការិនី៧រូបទៀតគឺជាទេពធីតាមានដូចជាកញ្ញា ដួង ម៉ានិច កញ្ញា ចន្ធី ដាឡែន កញ្ញា ចិនចិន កញ្ញា ព្រំ ស្រីរ័ត្ន កញ្ញា ប៉ុន សុរ៉ាវត្តី កញ្ញា ណាត់ តាយ៉ា និងកញ្ញា ដួង លីយ៉ា។
យុវជន ហុង ឆៀងហួត ហៅតូតំណាងក្រុមការងារផ្តួចផ្តើម បានលើកឡើងថា ក្រុមលោកគឺជាអ្នកមានសុទ្ធាជ្រះថ្លាបុណ្យរួមគ្នាបង្កើតគ្រឿងលម្អ ថ្វាយទីសក្ការៈបរុមរាជចតុឋាន។ លោកថាយើងទាំងអស់គ្នាសប្បាយចិត្តដែលសិល្បករទាំងអស់បានរួមគ្នាចូលរួមដោយស្ម័គ្រចិត្តក្នុងកិច្ចការងារចូលរួមផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែបជាព្រះរាជាណាចក្រអច្ឆរិយៈ ។ លោកបន្តថា គ្រឿងតុបតែងខ្លួនទាំងអស់ត្រូវបានចម្លងចេញក្នុងរចនាបថសម័យអង្គរ និងពីចម្លាក់នៃប្រាសាទអង្គរតែម្តង និងយោងតាមឯកសារដែលចងក្រងដោយពុទ្ធិសាស្ត្រណបណ្ឌិត និងស្របតាមព្រះរាជពិធីទ្វារទសមាសដែលត្រូវបានប្រើប្រាស់ក្នុងព្រះបរមរាជវាំង។
លោកបន្តថាជាក់ស្តែងដូចជាកញ្ញាដួង ម៉ានិច គ្រងសម្លៀកបំពាក់ក្នុងនាមជាទេពទីតាព្រះនាម គោរៈគៈទេវីជាបុត្រីទី២នៃអង្គកបិលមហាព្រហ្មដែលនឹងយាងចុះមកថ្ងៃសង្ក្រាន្តឆ្នាំនេះដែលមានទាំងការគ្រងនូវសម្លៀកបំពាក់ គ្រឿងអលង្ការ ព្រហត្ថកាន់ព្រះខណ្ឌ ឈើច្រត់ សៀតផ្កាអង្គារបុស្សជាដើម។ លោកថាសកម្មភាព និងរូបភាពទាំងឡាយនឹងត្រូវបានផ្សព្វផ្សាយ និងទុកជាឯកសាឲ្យកូនខ្មែរបានស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែបនិងមានមោទនភាពក្នុងនាមជាខ្មែរ។ លោកថាកម្លាំងរួបរួមសាមគ្គីគ្រប់ផ្នែកនៅពេលនេះ គឺពិតជាធ្វើឲ្យលោក ក្រុមការងារ សិល្បករ ទាំងអស់រីករាយរំភើបក្រៃលែង។
តារាសម្តែង កញ្ញា ដួង ម៉ានិច បានលើកឡើងថា នាងពិតជារំភើបដែលបានរួមគ្នាជាមួយសិល្បករ និងក្រុមការងារស្ម័គ្រចិត្តគ្រប់ផ្នែក មានចិត្តសុទ្ធាជ្រះថ្លា។ នាងថានាង និងសិល្បករទាំងអស់ដែលបានគ្រងសម្លៀកបំពាក់ និងតុបតែងខ្លួនពេលនេះគឺពិតជាមានមោទភាពដែលបានចូលរួមចំណែកថែរក្សាផ្សព្វផ្សាយអភិរក្សវប្បធម៌ជាតិខ្មែរ ។នាងថាទាំងនេះគឺជាកម្លាំងចិត្តដែលមិនគិតពីការនឿហត់នោះទេ ហើយបើទោះបីជាពេលនេះកម្ពុជាកំពុងមានការរីករាលដាលជំងឺកូវីត១៩មែន ប៉ុន្តែការជួបជុំត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នខ្ពស់ទាំងការអនាម័យនិងបង្ការមួយខ្ពស់ជាទីបំផុត។ ស្របពេលនេះនាងក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមរួមគ្នា ថែរក្សាអនាម័យ មានការប្រុងប្រយ័ត្នខ្ពស់ តាមដានដោយយកចិត្តទុក្ខដាក់ការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលផងដែរ៕ ដោយ វឌ្ឍនា