ខេត្តសៀមរាប ៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តឧកត្តរមានជ័យ ក៍ដូចជាខេត្តសៀមរាបបានឲ្យដឹងថា បទល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ភ្នំខ្ចងឆ្លងកាត់ ឃុំកន្តួតខ្នាក្រៅចូលមក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅតែកើតឡើងយ៉ាងរាលដាលពីសំណាក់ឈ្មួញពីនាក់ប្តីប្រពន្ធ ឈ្មោះ តាលាង និងប្រពន្ធ ឈ្មោះ ម៉ែត ហៅចែម៉ែត ព្រោះការបង្ក្រាបរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធពុំមានប្រសិទ្ធភាពទាល់តែសោះ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោក ទៀសីហា អភិបាលខេត្តសៀមរាប ព្រមទាំងលោក ទាគឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម និង លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបត្រូវបានមជ្ឈដ្ឋាននានារិះគន់ថាគ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ឲ្យស្របតាមបទបញ្ជាលេខ០០២របស់រាជរដ្ឋាភិបាលកម្ពុជានោះទេ។
ជាក់ស្តែងឈ្មួញដល់ល្បីល្បាញ់ខាងលើប្រចាំស្រុកបន្ទាយស្រី ដឹកជញ្ជូនឈើយកមកដាក់ដេប៉ូលក់ឈើរបស់គេដែលមានទីតាំងស្ថិតក្នុង ភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងតែសម្រុកដឹកឈើយកមកលក់យ៉ាងរំភើយដោយគ្មានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរនោះទេ ។
ផ្ទុះការរិះគន់ថាមេឈ្មួញខាងលើនេះដោយមានការឃុបឃិតពីសំណាក់មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនទើបគេអាចដឹកជញ្ជូនតាមរថយន្តរបស់ខ្លួនយកមកដល់គោលយ៉ាងស្ងាត់ស្ងៀម ។
ឈ្មួញឈើខាងលើនេះបានបើកដេប៉ូលក់ឈើ នៅភូមិឃុំខាងលើដោយមានលិខិតអនុញ្ញាត្តិត្រឹមត្រូវតែមិនបានទៅទទួលទិញឈើពីក្រុមហ៊ុន ណាមួយស្របច្បាប់តែប៉ុណ្ណោះ តែជាក់ស្ដែងឈ្មួញខាងលើនេះបានញុះញោងអោយពលរដ្ឋដែលបានលួចទៅអាចេញពីក្នុងព្រៃដោយខុសច្បាប់នៅតំបន់ភ្នំខ្ចង់អូរអាកុក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួចដឹកយកមក ដេប៉ូរបស់ខ្លួនក្នុងស្រុកបន្ទាយស្រីដើម្បីលក់ចែកចាយបន្ត។
ចំណែក អភិបាលខេត្តសៀមរាប លោក ទៀ សីហា ! កំពុងតែបណ្តែតបណ្តោយ អោយបទល្មើស រីករាលដាលខ្លាំងឡើងៗ ដោយមិនមានវិធានការទប់ស្កាត់ ឈ្មួញកំពុងតែសប្បាយ បន្តដឹកឈើជារៀងរាល់ថ្ងៃ ពាក់ព័ន្ធនិងបញ្ហាទាំងនេះអង្គភាពយើងរងចាំការបំភ្លឺគ្រប់ភាគី ជុំវិញការរឹះគន់ខាងលើ គ្រប់ម៉ោងធ្វើការ៕ ប៊ុនរិទ្ធី ព័ត៌មាន បឋម