ខេត្តកណ្ដាល៖ ស្រ្តីរកស៊ីរាប់លុយ និងបើកម៉ាស្សាម្នាក់ ត្រូវជានសង្ស័យ៤នាក់ស្ទាក់វាយប្លន់យកកាបូបលុយ
និងម៉ូតូទៅបាត់ ខណៈស្រ្តីរូបនេះជិះម៉ូតូតែម្នាក់ឯងពីកន្លែងរកស៊ីម៉ាស្សា វិលត្រឡប់ទៅផ្ទះវិញ។
ហេតុការណ៍នេះកើតឡើងកាលពី ម៉ោង០១និង៥៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៨កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចតាមផ្លូវលេខ២០១ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ។
មន្រ្តីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កន ផល្លា ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររាប់លុយ និងបើកម៉ាស្សា។ រីឯជនសង្ស័យមានគ្នា៤នាក់ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូ២គ្រឿង (១គ្រឿងម៉ាកហុងដាសង់ប៊ិច ពណ៌ខ្មៅកាំបន្ទះ និង១គ្រឿងទៀត ម៉ាកយ៉ាម៉ាហា អេស៊ិចទ័រ ពណ៌ខៀវ)។
រីឯសម្ភារបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១CK៨៨៤៤ កាបូបដាក់លុយចំនួន១មានលុយដុល្លារ$២២០០ ទូរសព្ឌ័២គ្រឿង (vivoនិងNចុចពិល)និងឯកសារមួយចំនួន។
ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯង ចេញពីហាងម៉ាស្សាកោសជប់របស់គាត់ នៅចំណុចផ្លូវ២១ ភូមិព្រែកសំរោង៣ ត្រឡប់ទៅផ្ទះគាត់ នៅភូមិកំពង់សំណាញ់១ ក្រុងតាខ្មៅ។ នៅពេលជិះមកដល់មុខផ្ទះ ពេលនោះស្រាប់តែឃើញជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង បានមកស្ទាក់កាក់ពីមុខពីក្រោយ រួចប្រតាយប្រតប់ដណ្តើមយកកាបូបលុយ និងម៉ូតូ ពីជនរងគ្រោះបានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទៅ។
ក្រោយហេតុជនរងគ្រោះបានទៅរាយការណ៍និងប្តឹងកម្លាំងផ្នែកជំនាញក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះទៅស្រាវជ្រាវនិងកំណត់រកមុខសញ្ញា ដើម្បីឈានទៅរកការឃាត់ខ្លួនជនសង្ស័យចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី៕ សហការី