ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់គុកម្តងចេញមកវិញមិនរាងចាលឆក់កាបូបគេ នគរបាលចាប់ឲ្យចូលគុកម្តងទៀត

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ កម្លាំង​សមត្ថកិច្ចនគរបាលស្រុកថ្មគោលបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នកដំណើរបានសម្រេច តែមិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​សមត្ថកិច្ចតាមក្របួចបាន និងរឹបអូសវត្ថុតាង យកមកចាត់ការតាមច្បាប់។

ហេតុ​ការ​ណ៍នេះបាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៧​ និង​៤០​នាទី​ព្រឹក ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំជូត ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២០​ ​នៅ​ចំណុច​ក្រុម​ទី​២៣​ ភូមិ​គ្រួ​ស​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។

មន្ត្រី​នគរបាល​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា​​ ជនសង្ស័យ​ឈ្មោះ​ សាន់​ លី​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់អំពិល​ ឃុំ​វត្ត​តា​មឹ​ម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង ធ្លាប់​ជាប់​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០០៨​ ពី​បទ​(​ប្លន់​)​ នៅ​សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ហើយ​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​កាលពី​ ខែមិថុនា​ ឆ្នាំ​២០១៨​ ​ ។ មុនពេលកើតហេតុ ជនសង្ស័យជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៩​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AH​-4465​ ឆក់កាបូបលុយ ជន​រង​គ្រោះ​ឈ្មោះ​ ញ៉​ ជ្រី​ ភេទ​ស្រី​ អាយុ​៧២​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាល​ខ្មោច​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ខណៈកំពុងធ្វើដំណើរតាមផ្លូវ ។​ ក្រោយឆក់បានសម្រេចជនសង្ស័យបើកម៉ូតូគេចខ្លួន តែត្រូវកម្លាំងនគរបាលស្រុកថ្មគោលតាមប្រមាញ់ច្រើនម៉ោងទើបចាប់ខ្លួនបាន។

សមត្ថកិច្ចបានឲ្យដឹងទៀតវត្ថុ​តាងរឹបអូសបានមកវិញ​រួម​មាន​​ប្រាក់​រៀល​ចំនួន​៣,៣០០,០០០​រៀល​(​បី​លាន​សាមសិប​ម៉ឺន​រៀល​)​ -​ទូរស័ព្ទ​ដៃ​១​គ្រឿង​ ម៉ាក​ទ្រូ​ ពណ៌​ខ្មៅ​ មាន​ស៊ី​ម​លេខ​០៩៧៩៨៧៩១៩៣​ -​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១​សន្លឹក​ ។ ​ក្រោយឃាត់ខ្លួនបានជនសង្ស័យរូបនេះត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី​ ៕

ប្រាថ្នា

 


ចែករំលែក៖