ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់ ដែលលក់ឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដោយខុសច្បាប់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិនប្រុសស្រី២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឆបោក” ពាក់ព័ន្ធករណីលក់និងចែកចាយឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់និងប្រកាសថា ជាការខុសច្បាប់ ។

នេះបើតាមការបញ្ជាក់របស់លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ កម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានចារកម្ម បានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេលដែលកំពុងតែចុះលក់និងចែកចាយផលិតផលហាមឃាត់ ពោលគឺឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដោយខុសច្បាប់ ។

ជនសង្ស័យមានឈ្មោះ ជីង ហាយឈឹង ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ ឈិន អ៊ីងហ្វាន ភេទស្រី អាយុ៣៧ឆ្នាំ ។

សមត្ថកិច្ច រឹបអូសបាន ផលិតផលធ្វើតេស្តរកមេរោគកូវីដ១៩ ដោយខុសច្បាប់ ចំនួន១៣ប្រអប់ធំស្មើនឹងចំនួន២៦០ប្រអប់តូច ៕ដោយ៖ ចេស្ដា

 


ចែករំលែក៖