ទីក្រុងឡុងដ៍៖ យោងតាមវិមានដោននីងស្ទ្រីត (Downing Street) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០នេះថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការធ្វើតេស្ដសាជាថ្មី កាលពីថ្ងៃអាទិត្យ ដោយសារតែរោគសញ្ញា COVID-19 មិនទាន់ធូរស្រាល ១០ថ្ងៃបន្ទាប់ពីលោកអះអាងថា បានឆ្លងជំងឺរាតត្បាតសកលមួយនេះ។
លោក Johnson បានស្នាក់នៅដាច់ដោយឡែកពីគេ នៅក្នុងអគារមួយនៃវិមានរដ្ឋាភិបាលអង់គ្លេស Downing Street ក្រោយលោកធ្វើតេស្ដចេញលទ្ធផលវិជ្ជមានចំពោះ COVID-19 កាលពីខែមីនា ប៉ុន្តែកាលពីថ្ងៃសុក្រកន្លងទៅ កម្ដៅក្នុងរាង្គកាយរបស់លោកនៅតែខ្ពស់ ដូច្នេះទើបក្រុមវេជ្ជបណ្ឌិតសម្រេចណែនាំឱ្យលោកទៅមន្ទីរពេទ្យ មិនបញ្ជាក់ឈ្មោះមួយ ដើម្បីទទួលការធ្វើតេស្ដជាថ្មី។
គួរជម្រាបថា លោក Boris Johnson មានអាយុ ៥៥ឆ្នាំ កាលពីថ្ងៃទី២៧ ខែមីនា បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេបំផុត ដែលបានឆ្លងជំងឺ COVID-19។ រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) ក៏បានឆ្លងជំងឺនេះដែរ ប៉ុន្តែកាលពីថ្ងៃសុក្រកន្លងទៅ លោកបានត្រឡប់មកធ្វើការវិញហើយ បន្ទាប់ពីស្នាក់នៅក្នុងផ្ទះមួយសប្ដាហ៍ ក្រោយត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19៕ដោយ៖ ស តារា