ព័ត៌មានទាន់ហេតុការណ៍៖

លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស៖ ម៉ាសតែមួយមុខមិនមែនជា «គ្រាប់កាំភ្លើងវេទមន្ត» ដែលអាចកម្ចាត់ COVID-19 បាននោះទេ ប៉ុន្តែម៉ាសគួរតែត្រូវប្រើនៅកន្លែងណា

ចែករំលែក៖

ទីក្រុងហ្សឺណែវ៖ តាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះថា លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក ( WHO) បានបញ្ជាក់ថា ម៉ាសតែមួយមុខមិនមែនជា «គ្រាប់កាំភ្លើងវេទមន្ត» ដែលអាចកម្ចាត់ COVID-19 បាននោះទេ ប៉ុន្តែម៉ាសគួរតែត្រូវប្រើនៅកន្លែងណា ដែលការលាងដៃ និងការរក្សាគម្លាតពីគ្នានោះមានភាពលំបាក ។

តាមរយៈសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការកណ្តាល WHO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃចន្ទសប្ដាហ៍នេះ លោកប្រធាន WHO បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បណ្ដាប្រទេសទាំងអស់ គួរតែពិចារណាប្រើប្រាស់ម៉ាសនៅក្នុងសហគមន៍ ប្រសិនបើវិធានការចាំបាច់ដូចជា ការលាងដៃ និងការរក្សាគម្លាតពីគ្នា ពិបាកនៅក្នុងការអនុវត្ត ដោយសារតែការខ្វះខាតទឹក ឬលក្ខខណ្ឌរស់នៅមិនអំណោយផលនោះ»។

លោក Tedros បានសង្កត់ធ្ងន់បន្ថែមថា «ម៉ាសគួរតែត្រូវបានប្រើប្រាស់ ជាផ្នែកមួយកញ្ចប់សម្រាប់ការពាររួម ពីព្រោះម៉ាសតែមួយមុខ មិនមែនជាគ្រាប់កាំភ្លើងវេទមន្ត អាចកម្ចាត់ COVID-19 បានឡើយ ខណៈបុគ្គលិកសុខាភិបាល កំពុងប្រឈមមុខនឹងការខ្វះខាតបរិក្ខាការពារ។ កាលពីចុងសប្តាហ៍មុននេះ WHO ក៏បានផ្លាស់ប្តូរជំហរ ឲ្យមនុស្សគ្រប់គ្នាងាកទៅប្រើម៉ាសវិញផងដែរ ទោះបីជាខ្លួនគ្មានជំងឺអ្វីក៏ដោយ ព្រោះការរាតត្បាតរបស់ COVID-19 មានលក្ខណៈការតែធ្ងន់ធ្ងរ និងស្មុគ្រស្មាញ៕ ស តារា


ចែករំលែក៖