ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រើកណ្តាប់ដៃដែក ដឹកនាំកម្លាំងបង្ក្រាប ទៅលើទីតាំងលួចលាក់ទុកការនាំចូលនូវ ពោះវៀនជ្រូកចំនួន២កុងតឺន័រ មានសារធាតុគីមី នៅចំណុចឃ្លាំងមួយកន្លែងក្នុងភូមិជ័យឧត្តម១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកស្នងការបានអោយអង្គភាព «នគរដ្រេហ្គន» បានដឹងនៅមុននេះបន្តិច នាវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ថា៖ ពិតជា មានការបង្ក្រាបមែន បន្ទាប់ពីកម្លាំងជំនាញរបស់លោកធ្វើការស្រាវជ្រាវគ្រប់មធ្យោបាយ រកអោយឃើញពីប្រភពនាំចូល ការស្តុកទុក និងបន្តចែកចាយលើទីផ្សារ នូវពោះវៀនជ្រូក គ្រឿងក្នុង ដែលមានសារធាតុគីមី នេះ។ លោកបន្តថា៖ ខ្ញុំគ្មានការយោគយល់ ឬទទួលយកការអន្តរាគមន៍ណាឡើយ ខណៈនេះជាបទល្មើសទុច្ចរិត ឈ្មួញមានចេតនាសម្លាប់ពលរដ្ឋជាលក្ខណៈប្រយោល ដោយសារការចែកចាយលើទីផ្សារនូវពោះវៀនជ្រូក មានសារធាតុគីមី ហើយប្រជាពលរដ្ឋមិនដឹងក៏ទិញធ្វើជាអាហារបរិភោគនោះ។
បច្ចុប្បន្នកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកកៀនស្វាយ ,មន្ត្រីជំនាញកាំកុងត្រូល សុំគោលការណ៍ពីតំណាងអយ្យការ ដើម្បីសម្របសម្រួលនីតិវិធី ធ្វើការឆែកឆេ ទីតាំងខាងលើ បន្ទាប់ពីដឹកចូលពោះវៀនជ្រូកមានសារធាតុគីមី ២កុងតឺន័រចូល ហើយក្នុងបទល្មើសជាក់ស្តែង។
សូមរម្លឹកថា៖ ទីតាំងឃ្លាំងស្តុកពោៈវៀនជ្រូក មានសារធាតុគីមីនេះ ពីមុនជាកន្លែងស្តុកឈើក្រញូង ដើម្បីដឹកបន្តទៅវៀតណាម ហើយគ្មានសមត្ថកិច្ចណាហ៊ានចុៈបង្ក្រាបទេ ដោយសារមានខ្សែធំ សំបូរអ្នកអន្តរាគមន៍ សំបូរសមត្ថកិច្ចមកយកប្រយោជន៍ ។ ប៉ុន្តែពេលនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រើកណ្តាប់ដៃដែក បង្ក្រាបដើម្បីការពារនូវសុខមាលភាពដល់ប្រជាពលរដ្ឋ កុំអោយរងគ្រោះដល់អាយុជីវិត ឬជំងឺណាមួយកើតឡើង ដោយសារពោះវៀនជ្រូក មានសារធាតុគីមី។
សមត្ថកិច្ចកិច្ចបានអោយដឹងថា៖ ពោះវៀនជ្រូកនេះនាំមកពីប្រទេសថៃ ដែលឈ្មួញមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច ជំនាញ អាជ្ញាធរ តាមច្រក តាមផ្លូវដែលដឹកឆ្លងកាត់ តែលើកនេះជាប់អន្ទាក់នគរបាលខេត្តកណ្តាលតែម្តង។
សូមជម្រាបថា៖ នៅរសៀលនេះ អង្គភាព«នគរវត្ត» នឹងធ្វើការផ្សាយផ្ទាល់ពីទីតាំង ដែលកម្លាំងចម្រុៈចុះធ្វើការឆែកឆេ ឃ្លាំងលាក់ទុកពោះវៀនជ្រូក២កុងតឺន័រ នោះផងដែរ សូមរងចាំទស្សនាការផ្សាយបន្តផ្ទាល់លម្អិតនាពេលបន្តិចទៀត៕ សុខខេមរា