ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របុកម៉ូតូផ្ទប់ជាប់នឹងថ្នល់ បណ្ដាលឲ្យរបួសធ្ងន់មន្រ្តីយោធា ០១នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្ត្រីយោធាធ្វើដំណើរដោយម៉ូតូ ១គ្រឿងបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្តបុក នៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចស្រែពាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧.៨៨ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពពីនគរបាលស្រុកវាលវែង មុនដំបូងគេឃើញឈ្មោះ ពុំ សាឡុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ធ្វើដំណើរដោយរថយន្ត ១គ្រឿងម៉ាក ឡង់គ្រីស័រ ពណ៏សំបកឪឡឹក ពាក់ស្លាកលេខ សៀមរាប 2A 3372 ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តជាន់ម៉ូតូផ្ទប់ជាប់ទៅនឹងថ្នល់ ចំណែកភាគីបើកបរម៉ូតូរងរបួសធ្ងន់ ។

ប្រភពខាងលើបន្តថា ម្ចាស់ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FP 2249 ឈ្មោះ ហ៊ាង ងន់សេង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ជាមន្រ្តីយោធា មានទីលំនៅរាជធានីភ្នំពេញ បច្ចុប្បន្ន ស្នាក់នៅធ្វើចំការចំណុចក្រសាំងភ្នៅ ស្ថិតក្នុងភូមិ.ឃុំក្រពើពីរ ស្រុកវាលវែង(រងរបួសធ្ងន់) ។

ប្រភពដដែលបន្តទៀតថា ជនរងរបួសជាមន្រ្តីយោធា(ហ៊ាង ងន់សេង) បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងម៉ូតូ និងរថយន្តរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង រងចាំបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖