ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបុរស៣នាក់ពាក់ព័ន្ធករណីកាប់គាស់និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់គាស់ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទមាន ១.ឈ្មោះ ទិត សុបឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រឹត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ២.ឈ្មោះ រ៉ុង សុខជា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង៣.ឈ្មោះ យាត ឆៃយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិគ ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។ ជនទាំង៣នាក់នេះត្រូវបានមន្រ្តីឧទ្យានុរក្ស នៃរបៀងអភិរក្សជីវៈចម្រុះ ចាប់ឃាត់ខ្លួន ខណៈពួកគេកំពុងធ្វើសកម្មភាពបើកត្រាក់ទ័រឈូសឆាយ និងភ្ជួរដី ដោយគ្មានការអនុញ្ញាត នៅត្រង់ចំណុចត្រពាំងទឹកល្អក់ ឋិតក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ

ក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មន្រ្តីឧទ្យានុរក្ស បានត្រួតពិនិត្យកន្លែងកើតហេតុឃើញថា មានការកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ហើយបានវាស់វែងជាក់ស្ដែងលើផ្ទៃដីខាងលើ មានទំហំ ៣៤.៥៣៤ហិកតា រួមជាមួយត្រាក់ទ័រចំនួន២គ្រឿង ត្រូវបាននាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការរបៀងអភិរក្សជីវៈចម្រុះ ដើម្បីកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី៕ហេង សូរិយា


ចែករំលែក៖