ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តវាក់អើនឹងការដ្ឋានធ្វើផ្លូវនៅខាងមុខជ្រុលទៅបុកបង្គោលបង្ហាញលេខផ្លូវនិងរបងសាលារៀនឯកជនខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូរបើករថយន្តស៊េរីទំនើបម៉ាកហ្វ័តមួយគ្រឿងវាក់អើនិងការដ្ឋានធ្វើផ្លូវនៅខាងមុខគេចមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលផ្លាកសញ្ញាបង្ហាញលេខផ្លូវនិងរបងសាលារៀនឯកជនមួយកន្លែងរងការខូចខាតប្រេះបែកយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៥០ នាទីយប់ថ្ងៃទី ៨ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៧កែងនិងផ្លូវលេខ៥៥៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្តីប្រពន្ធមួយគូរបើករថយន្តមួយគ្រឿងម៉ាកហ្វ័តពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BE-9607ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៧ទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើបានវាក់អើនឹងការដ្ឋានធ្វើផ្លូវដាក់លូនៅខាងមុខគេចមកខាងស្ដាំដៃផ្លូវ៥៥៨ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវមួយដើមរាបដល់ដីនិងបន្តទៅបុករបងសាលារៀនឯកជនមួយកន្លែងប្រេះបែករងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅមុខលែងរួច។បន្ទាប់មកប្ដីនិងប្រពន្ធបានចុះលើរថយន្តហៅម៉ូតូកង់បីជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ​ សុខាសែនជ័យ​

ចែករំលែក៖