ភ្នំពេញ៖ ឈ្មួញទុច្ចរិត ជាជនជាប់ចោទ ឈ្មោះ ហុឹម សុខហឿន ដែលលួចនាំគ្រឿងក្នុងជ្រូកខូចគុណភាពជាង៣២តោន ជាប់ឃុំបានមួយថ្ងៃ ត្រូវបានគេបង្ហើបថា៖ ពឹងមេធាវីដាក់ពាក្យសុំនៅក្រៅឃុំភ្លាម , ប៉ុន្តែចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលកំពុងពិចារណា។
គ្រឿងក្នុងជ្រូកខូចគុណភាពជាង៣២តោននេះ បើសមត្ថកិច្ចមិនមានវិធានការបង្ក្រាបទាន់ពេលទេ ប្រាកដណាស់ថា ជនទុច្ចរិតនេះ នឹងចែកចាយលក់លើទីផ្សារ អាចធ្វើអោយប្រជាជនច្រើននាក់ រងផលប៉ៈពាល់ដល់សុខភាព ខណៈខាងជំនាញបញ្ជាក់ថា គ្រឿងក្នុងសត្វ ៣២តោននោះ ស្អុយ ហើយចម្លងមេរោគ។
សូមបញ្ជាក់ថា៖ ឈ្មួញទុច្ចរិតឈ្មោះ ហ៊ឹម សុខហឿន ដែលនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាពជាង៣២តោន ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ក្រោមការចោទប្រកាន់ពី “នាំចូលដោយចេតនានូវផលិតផលសត្វខូចគុណភាព ឬ បង្កគ្រោះថ្នាក់សុខភាពមនុស្ស” តាមមាត្រា១១៥ ចំណុចទី៥ នៃច្បាប់ស្តីពីសុខភាពសត្វ និង ផលិតកម្មសត្វ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់អង្គភាព«នគរវត្ត»ថា ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ ឈ្មួញទុច្ចរិតឈ្មោះ ហ៊ឹម សុខហឿន បានពឹងពាក់លោកមេធាវី ទូច ធីរិទ្ធ ជាមេធាវីនៃក្រុមហ៊ុន VHP ហើយបានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ស្ថិតក្នុងការពិចារណានៅឡើយ។
ប្រភពព័ត៌មានបន្តថា៖ ពេលនេះ លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កំពុងពិចារណា នឹង សម្រេច ថា ដោះលែង ឬ មិនដោះលែង ឈ្មួញទុច្ចរិតឈ្មោះ ហ៊ឹម សុខហឿន រូបនេះ។ ខណៈមជ្ឈដ្ឋានពីប្រជាជន បានគាំទ្រពីចំណាត់ការ សមត្ថកិច្ច អាជ្ញាធរ ជំនាញ បានបើកប្រតិបត្តិការបង្ក្រាបទាន់ពេល ហើយខាងតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននោះ ជាការស្វាគមន៍និងដំណើរការនីតិវិធី មានយុត្តិធម៍សង្គម។
មជ្ឈដ្ឋានពីប្រជាជនមួយចំនួន យល់ឃើញថា ទង្វើរបស់ឈ្មួញទុច្ចរិតឈ្មោះ ហ៊ឹម សុខហឿន មិនគួរណាតុលាការអនុញ្ញាតអោយនៅក្រៅឃុំនោះទេ ព្រោះការនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាពនេះ គឺ ធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋ ធ្ងន់ធ្ងរណាស់ ហើយសមត្ថកិច្ចខិតខំបង្ក្រាប ទើបសម្រេចបានជោគជ័យ ការពារដល់សុខមាលភាព ប្រជាជនដែលជាអ្នកបរិភោគបានទាន់ពេលវេលា។
សូមបញ្ជាក់ថា គ្រឿងក្នុងជ្រូកខូចគុណភាពជាង៣២តោន ត្រូវបានដុតបំផ្លាញចោល នៅវេលាថ្ងៃត្រង់ទី១០ ខែមេសា ឆ្នាំ២០២០ នេះ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមការដឹកនាំពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ គឺ ស្ថិតនៅឃ្លាំងមួយកន្លែង ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕ដោយ៖សុខខេមរា