ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន! កម្ពុជា មានអ្នកធ្វើតេស្តរកមេរោគ កូវីដ១៩ ច្រើនជាងគេ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញសេចក្តីប្រកាសព័ត៌មានក្នុងពិធីសន្និសីទកាសែតមួយ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះថា យ៉ាងហោចណាស់ មានមនុស្សជិត ៩ពាន់នាក់នៅប្រទេសកម្ពុជា បានធ្វើតេស្តរកមេរោគCOVID-19 ដែលចំនួននេះច្រើនជាងបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «ចំនួនវត្ថុសំណាកដែលបានធ្វើវិភាគសរុបមាន ៨៩០៩សំណាក់ ដែលចំនួននេះ បើគិតក្នុងចំណោម ប្រជាជនមួយលាននាក់ មាន៥៥៦សំណាក ដែលបានធ្វើវិភាគ ដែលមានចំនួនច្រើនជាងបណ្តាប្រទេសក្នុងអាស៊ានមួយចំនួន ដូចជាភូមា មាន៣៦សំណាក ក្នុងចំណោមប្រជាជន១លាននាក់, ប្រទេសឡាវ មាន១៥៧សំណាក, ក្នុងចំណោមប្រជាជន ១លាននាក់, ប្រទេសឥណ្ឌូនេស៉ី មាន៧១សំណាក ក្នុងចំណោមប្រជាជន ១លាននាក់, និងប្រទេសហ្វីលីពីន មាន៣០៩សំណាក ក្នុងចំណោមប្រជាជន ១លាននាក់»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសដំណឹងល្អឲ្យដឹងថា ថ្ងៃនេះមិនមានករណីឆ្លងថ្មីនៃជំងឺCOVID-19 នោះទេ ចំណែកអ្នកជាសះស្បើយ ក៏មិនមានដែរ ខណៈអ្នកជាសះស្បើយសរុបមានចំនួន៧៧នាក់។ ដោយឡែក អ្នកកំពុងសម្រាកព្យាបាលជំងឺCOVID-19 ធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។

គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១,៨៥២,៦៨៦ករណី ក្នុងនោះស្លាប់សរុប ១១៤,២១៤នាក់ និងជាសះស្បើយឡើងវិញ ៤២៣,៤៧៩នាក់។ នេះបើតាមតួលេខពីគេហទំព័រអន្តរជាតិ Worldometer។

បើពិនិត្យមើលទៅលើតួលេខជាក់ស្តែង ប្រទេសធំៗចំនួន០៦ កំពុងរ៉ាប់រងករណីឆ្លង និងស្លាប់ដោយសារ COVID-19 ជាងពាក់កណ្តាល នៃចំនួនករណីស្លាប់ និងឆ្លងសរុបទូទាំងពិភពលោក ក្នុងនោះមានដូចជា៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៥៦០,៤២៥ករណី ក្នុងនោះស្លាប់ ២២,១០៨នាក់ និងជាសះស្បើយវិញ ៣២,៦៣៤នាក់។
២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ១៦៦,៨៣១ករណី ក្នុងនោះស្លាប់ ១៧,២០៩នាក់ និងជាសះស្បើយវិញ ៦២,៣៩១នាក់។
៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៥៦,៣៦៣ករណី ក្នុងនោះស្លាប់ ១៩,៨៩៩នាក់ និងជាសះស្បើយវិញ ៣៤,២១១នាក់។
៤៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៣២,៥៩១ករណី ក្នុងនោះស្លាប់ ១៤,៣៩៣នាក់ និងជាសះស្បើយវិញ ២៧,១៨៦នាក់។
៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លង ១២៧,៨៥៤ករណី ក្នុងនោះស្លាប់ ៣,០២២នាក់ និងជាសះស្បើយ ៦០,៣០០នាក់។
៦៖ ប្រទេសអង់គ្លេស មានករណីឆ្លង ៨៤,២៧៩ករណី ក្នុងនោះស្លាប់ ១០,៦១២នាក់ និងជាសះស្បើយ ៣៤៤នាក់៕ស តារា


ចែករំលែក៖