ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកអាស៊ានបានអនុម័តដោយចេញសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីជំងឺកូវីដ-១៩ លើចំនុចសំខាន់ៗចំនួន០៨

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ប្រទេសសមាជិកអាស៊ានបានបើកកិច្ចប្រជុំកំពូលពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធខលវីដេអូ (Video Conference)។ កិច្ចពិភាក្សាកាលពីព្រឹកមិញនេះគឺបានផ្ដោតសំខាន់ទៅលើការចែករំលែកនៃការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និងយុទ្ធសាស្ត្រក្នុងប្រទេសជាសមាជិកអាស៊ានទាំងអស់អំពីការទប់ទល់ស្ថានភាពនៃការទប់ស្កាត់ជំងឺកូវី១៩។

នៅក្នុងកិច្ចប្រជុំនេះផងដែរសមាជិកអាស៊ានបានអនុម័តទៅលើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីជំងឺកូវីដ១៩លើចំនុចសំខាន់ៗចំនួន០៨៖

១- ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈ ជាពិសេសចំណាត់ការផ្សេងៗដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាពិសេសការពារប្រជាពលរដ្ឋអាស៊ានតាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរបទពិសោធន៍ ការកសាង និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ។

២- ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀតក្នុងគោលដៅដើម្បីការពារជំងឺកូវីដ១៩ ពិសេសអ្នកដែលធ្វើការជួរមុខក្នុងការព្យាបាលជម្ងឺនេះ។

៣- ជំរុញទំនាក់ទំនងជាសាធារណៈប្រកបដោយតម្លារភាព និងប្រសិទ្ធភាពដោយប្រើប្រាស់យន្តការផ្សេងៗ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ដូចជាការទប់ស្កាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩នេះ។

៤ – អាស៊ានមានការប្ដេជ្ញាចិត្តឡើងវិញ ចំពោះចំណាត់ការរួមគ្នា និងការសម្របសម្រួលគោលនយោបាយនៅក្នុងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច សង្គមកិច្ច ដោយសារជំងឺរាតត្បាតនេះ ជាពិសេសដើម្បីថែរក្សាប្រជាពលរដ្ឋអាស៊ាន និងរក្សាម៉ាក្រូសេដ្ឋកិច្ចរបស់អាស៊ាន។

៥ – បន្តការប្ដេជ្ញាចិត្តធ្វើយ៉ាងណារក្សាទីផ្សារអាស៊ានឱ្យនៅបើកចំហសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនៅក្នុងប្រទេសអាស៊ានជាមួយប្រទេសខាងក្រៅអាស៊ានផងដែរ ក្នុងគោលដៅដើម្បីធានាសន្តិសុខស្បៀង ស្ថេរភាពការផ្គត់ផ្គង់ស្បៀង ថ្នាំពេទ្យនិងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗទៀត។

៦ – បន្តអនុវត្តនូវយន្តការសមស្របដើម្បីរក្សាជំនឿ និងស្ថេរភាពនៃសេដ្ឋកិច្ចតំបន់តាមរយៈគោលនយោបាយរបស់ប្រទេសសមាជិកនីមួយៗដែលជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករ ជាពិសេសអ្នកដែលមានផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ១៩នេះ ជាពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យម។

៧ – ជាការលើកទឹកចិត្ត ក្នុងការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដល់ដៃគូរបស់អាស៊ាន និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ហើយអាស៊ានក៏បានសម្រេចបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ។

៨ – មេដឹកនាំអាស៊ានបានប្ដេជ្ញាចិត្ត រក្សាការឯកភាពគ្នា និងប្ដេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសចូលរួមសហការគ្នាក្នុងការធ្វើការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោកដែលជាដៃគូរបស់អាស៊ាន រួមទាំងសហគមន៍អន្តរជាតិក្នុងការបន្តទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺនេះ៕


ចែករំលែក៖