សហព័ន្ធបាល់ទាត់ទ្វីបអឺរូប UEFA កំពុងធ្វើផែនការពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បញ្ចប់រដូវកាល២០១៩-២០២០ នៅថ្ងៃទី២៩ ខែសីហា ខាងមុខ។
គណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបនឹងជួបប្រជុំគ្នានៅថ្ងៃទី២៣ ខែមេសាសម្រាប់ការពិភាក្សាបន្ថែមទៀតអំពីផែនការបញ្ចប់ការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះ ដោយសារតែការរីករាលនៃវីរុសកូរ៉ូណាកំពុងវាយលុកខ្លាំងក្នុងប្រទេសនៅទ្វីបអឺរ៉ុប។
ការសម្រេចចិត្តនេះក៏បានលើកពីបញ្ហាលីកផ្សេងៗនៅអឺរ៉ុបដែលអាចប៉ះពាល់ និងការបញ្ចប់រដូវកាលរៀងៗខ្លួននៅខែចុងសីហាខាងមុខផងដែរ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី២៩ ខែសីហា រីឯប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ធ្វើនៅទីក្រុង Gdansk ក្រោយប្រកួត Champions League ចប់៣ថ្ងៃ។
មានហេតុផល២សម្រាប់ការឈានទៅរកការបញ្ចប់កម្មវិធីប្រកួតនេះគឺ ទី១-ត្រូវលេងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនិងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រជាការប្រកួតដែលមានពីរជើងដូចធម្មតាគឺនៅខែកក្កដា និងខែសីហា។ ទី២-សម្រាប់ការប្រកួតដែលនឹងត្រូវលេងជាការប្រកួតតែមួយលើកបន្ទាប់ពីចប់រដូវកាលក្នុងស្រុកដែលអាចបញ្ចប់ការប្រកួត១សប្តាហ៍។
ដោយឡែកនៅក្នុងក្របខ័ណ្ឌ Europa League ការរៀបកាលវិភាគមានភាពស្មុគស្មាញជាងមុន ព្រោះរាល់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៅតែត្រូវលេងនៅឡើយដោយមាន២ប្រកួតដែលមានការចូលរួមពីក្រុមអេស្បាញនិងអ៊ីតាលីមិនទាន់លេងជើងទី ១ នៅឡើយទេ ៕ដោយ៖ភារៈ