ព័ត៌មានទាន់ហេតុការណ៍៖

ករណីឃាតកម្មសម្លាប់ស្រ្តីម្នាក់ទម្លាក់ចូលរណ្ដៅដីនៅស្រុកកណ្ដាលស្ទឹងត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយ

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យសម្លាប់នារីម្នាក់ទម្លាក់ចូលទៅក្នុងរណ្ដៅដីដោយចងផ្អោបជាមួយដុំថ្មដែលប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច
ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាល សហការជាមួយសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត រហូតចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ឌឿន ឌី ភេទប្រុស​ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ
រោងចក្រ មានទីលំនៅភូមិក្រូចសើច ឃុំដើមឫស​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​ ។

ចំណែកនារីរងគ្រោះឈ្មោះ​ ម៉ន ចន្ទ័ថន​ ភេទស្រី​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កម្មការិនី មានទីលំនៅ ភូមិថ្លុកព្រាល ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបានបន្តថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានរាយការណ៌មកសមត្ថកិច្ចប៉ុស្តិ៍ដើមឬសថា មានសាកសពអណ្ដែតទឹកក្នុងរណ្ដៅដីមួយកន្លែងនៅភូមិក្រូចសើច ភ្លាមនោះ សមត្ថកិច្ចប៉ុស្តិ៍ រាយការណ៍បន្ត ទៅសមត្ថកិច្ចជំនាញស្រុក និងសមត្ថកិច្ចជំនាញខេត្ត បានចុះមកធ្វើការពិនិត្យ ឃើញថា នៅនឹងខ្លួនសាកសពមានដាក់ដុំថ្មនៅក្នុងអាវ រួចសន្និដ្ឋានជាករណីឃាតកម្ម បន្ទាប់មក កម្លាំងជំនាញបានកសាងសំណុំរឿងស្រាវជ្រាវ ស៊ើបអង្កេត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល រហូតកំណត់មុខសញ្ញាជនសង្ស័យបាន ឈានដល់ចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា កន្លងមក កាលពីថ្ងៃទី៩​ ខែមេសា​ ឆ្នាំ​២០២០​ វេលាម៉ោង១៧​និង០០នាទី​ ជនសង្ស័យ​ និងឈ្មោះ​ យឿន​ គន្ធា ​ភេទស្រី​ រស់
នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្អូនជីដូនមួយ)បានជិះ​ម៉ូតូ​១គ្រឿង​ម៉ាក​ហុងដា​ សេ១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HF 6858 បាន​ជិះម៉ូតូ​ចេញពី​ផ្ទះទៅយក​ជនរងគ្រោះ​ នៅភូមិ​ថ្លុក​ព្រាល​ ឃុំព្រះនិពាន្ធ​ ស្រុក​ គងពិសី​ ខេត្ត​កំពង់​ស្ពឺ ​ដេីម្បីទៅហូបបង្អែមនៅផ្សារ​កំពង់​កន្ទួត​ ពេលមកដល់​ផ្សារ​កំពង់​កន្ទួត​ពុំបាន​ហូប​បង្អែម​ទេ​ ដោយសារ​មេឃចង់ភ្លៀង ក៏នាំគ្នាជិះម៉ូតូទៅកន្លែងកេីតហេតុ​ ហេីយឈ្មោះ​ យឿន​ គន្ធា​ បាន​ជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញ បាត់ទៅ​ ដោយ​ទុក​ជនរងគ្រោះ ​និង​ជនសង្ស័យ នៅជាមួយ​គ្នា រហូតដល់វេលាម៉ោង០០:៤០នាទី ​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែឆ្នាំដដែល​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​ឈ្លោះ​ប្រកែក​គ្នា​ពីរឿង​ឲ្យជូនទៅផ្ទះ ​តែជន​សង្ស័យ​មិន​ព្រម​ជូនទៅ​ ទេីបជន​រងគ្រោះ​ទះកំផ្លៀងជន​សង្ស័យ​០៣ដៃចំមុខ​ និង​ ជេរបញ្ចោរថែមទៀត​ ពេល​នោះជន​សង្ស័យ​ខឹង និងចង់ដោះដៃផង​បានយកលេស ក៏យកឈេីជ្រុងដែលនៅក្បែរកន្លែងកើតហេតុ មកវាយ​ជនរង
គ្រោះ​ចំ​កញ្ចឹងក​ចំនួន​២​ដំបង​បណ្តាលឲ្យ​ស្លាប់​   ហេីយ​ជនសង្ស័យ​បាន​យក​ដុំថ្ម១ដុំ ប៉ុនភ្លៅមនុស្សចាស់ដាក់ចូលក្នុងអាវជនរង​គ្រោះ​ខាងក្រោយ​រួច​ រុញទម្លាក់ចូលក្នុងទឹក រណ្តៅដី
ខ្សាច់លិចបាត់តែម្តង ៕ ដោយ៖ស្អាង ជ័យ


ចែករំលែក៖