ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ ក៏មានមនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីរថយន្តមួយគ្រឿងបានហោះធ្លាក់ចូលអាងទឹក ខណៈប្តីបង្រៀនប្រពន្ធ អោយចេះបើកឡាន តែភ័យស្លន់ស្លោ រេចង្កូតតែម្តង។
ហេតុការនេបានកើតឡើងកាលពី រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចលើខ្នងអាង ស្ពានទី១ រមណីយដ្ឋានអាងត្រពាំងថ្មស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
បើតាមប្រជាពលរដ្ឋ ដែលអ្នកបានឃើញហេតុការណ៍ បញ្ជាក់ថា ៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2A-9331 បើកពីកើតទៅលិច ។ មកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាងពេញទំហឹងបណ្តាលអោយធ្លាក់ទាំងមនុស្ស ទាំងរថយន្ត ចូលទៅក្នុងទឹកអាង តែម្តង ។
លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានអោយដឹងថា ៖ ក្នុងហេតុការណ៍នេះ រួមមាន ជនរងគ្រោះចំនួន៣ នាក់រួមមាន៖ ទី១ ឈ្មោះ ព្រីញ ដា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ បែកក្រោមត្របកភ្នែកខាងឆ្វេង ជាអ្នកបើកបរ។
ទី២ ឈ្មោះ លាង ភាឡៃ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាប្តីរស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់រលាត់ជញ្ជើមឆ្វេងជាម្ចាស់រថយន្ត ។
ទី៣ ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាអ្នកឈូក រងរបួសធ្ងន់ ។
លោកអធិការ បានអោយដឹងទៀតថា ៖ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដោយស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។
លោកបន្តថា៖ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺ ដោយសារឈ្មោះ ព្រីញ ដា ទើបរៀនបើកបរថ្មីៗ ដោយខ្វះការប្រុងប្រយ័ត្ន។
តាមពិតប្តីចង់អោយប្រពន្ធចេះបើកបរ តែស្ថានភាពភ័យពេក ក៏បណ្តាលអោយគ្រោះថ្នាក់ ដោយខ្វៈម្ចាស់លើខ្លួនឯង។ សំណាងដែរ ដែលមិនបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិត៕សហការី