ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចន្ទស្អែកនេះ..! ក្រសួងអប់រំ ចាប់ផ្ដើម ការចាក់ផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមជំនាញក្រសួងព័ត៌មាន «តេជោឌីធីវី» ជាមួយក្រុមជំនាញក្រសួងអប់រំ យុវជន និងកីឡា
នឹងចាក់ផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក គ្រោងនឹងដំណើនៅព្រឹកស្អែកនេះ។
ភាពជោគជ័យនេះកើតចេញពីកម្លាំងរួមគ្នាបំពេញភារកិច្ចរវាងលើកិច្ចសហប្រតិបត្តិការកម្មវិធីខាងលើនៃក្រុមជំនាញរបស់ក្រសួងទាំង២។
ក្រុមមន្ត្រីជំនាញបានអោយដឹងផងដែរថា៖ មុនដំណើរការកម្មវិធីចាក់ផ្សាយនាថ្ងៃស្អែកនេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរៀបចំកិច្ចប្រជុំពិភាក្សាការងារក្រោមការដឹកនាំដោយ លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពិនិត្យ និងសម្រេចលើចំណុចផ្សេងៗ ព្រមទាំងធ្វើទស្សនកិច្ចនៅក្នុងបន្ទប់ស្ទូឌីយោនៃទូរទស្សន៍តេជោឌីធីវី ដើម្បីធានាបានថាការចាក់ផ្សាយនាថ្ងៃស្អែកនេះដំណើរទៅដោយភាពរលូន បម្រើដល់តម្រូវការរបស់សិស្សានុសិស្ស។
តាមរយៈនេះ សិស្សានុសិស្សអាចទស្សនាវីដេអូបង្រៀនតាម៖
១-ទូរទស្សន៍ជាតិកម្ពុជាទី២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់ការអប់រំ។
២-ការបញ្ជូនបន្តដោយថាសផ្កាយរណបតេជោ TV ឬ Dtv ប៉ុស្តិ៍លេខ២២ ទៅកាន់តំបន់ជនបទ ។
៣-ប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបថ្មី ដែលទើបបង្កើតនៅគ្រប់ខេត្ត-រាជធានី និងតំបន់ទីប្រជុំជន
៤-គេហទំព័រមជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិករបស់ក្រសួងអប់រំ ដែលមានតំណភ្ជាប់៖ https://elearning.moeys.gov.kh/
៥-ការប្រើ Smartphone ដើម្បីប្រើប្រាស់ App របស់ក្រសួងព័ត៌មាន
កម្មវិធីសិក្សានេះនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹកតទៅ និងមានការចាក់ផ្សាយឡើងវិញ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិធីអប់រំកុមារតូច ដោយអនុញ្ញាតឱ្យសិស្សានុសិស្សទស្សនាដោយឥតគិតថ្លៃ៕សហការី


ចែករំលែក៖