ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១៣នាក់ស្លាប់ ក្នុងនោះមានប៉ូលីសស្រីម្នាក់ ក្រោយមានការបាញ់ប្រហារគ្នានៅក្នុងខេត្ត ណូវ៉ា ស្កូត្យា នៃប្រទេសកាណាដា

ចែករំលែក៖

អូតាវ៉ា៖ យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ ក្នុងនោះមានប៉ូលីសស្រីម្នាក់ ខណៈដែលមានករណីបាញ់ប្រហារគ្នាមួយបានកើតមានឡើងនៅក្នុងខេត្ត ណូវ៉ា ស្កូត្យា (Nova Scotia) នៃប្រទេសកាណាដា នៅក្នុងចន្លោះពេលរហូតដល់ទៅ ១២ម៉ោងនាថ្ងៃអាទិត្យ ទី១៩ ខែមេសា (ពេលវេលានៅទីក្រុងអូតាវ៉ា) ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

អាជ្ញាធរខេត្ត Nova Scotia បានធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអាទិត្យ ដោយបញ្ជាក់អំពីហេតុការណ៍បាញ់ប្រហារ ដ៏អាក្រក់ដែលមិនធ្លាប់កើតមាន នៅក្នុងប្រវត្តិសាស្ត្រខេត្តនេះ ដោយវាបានកើតឡើង នៅតំបន់ផ្សេងៗគ្នាទូទាំងខេត្ត និងត្រូវបានអូសបន្លាយរយៈពេល ១២ម៉ោងឯណោះ។ ប៉ូលិសកាណាដាបានឲ្យដឹងទៀតថា ការបាញ់ប្រហារដំបូង ត្រូវបានបង្កឡើងដោយជនសង្ស័យឈ្មោះ ហ្គាប្រ៊ីអ៊ែល វ៉តមែន (Gabriel Wortman) អាយុ ៥១ឆ្នាំ ស្ថិតនៅស្រុក ផតថាភីក (Portapique) ចម្ងាយ ១៣០គីឡូម៉ែត្រពីទីក្រុង ហាលីហ្វាក់ (Halifax) នៃខេត្ត Nova Scotia ។

ប៉ូលិសកាណាដាបានទទួលការហៅទូរស័ព្ទសុំអន្តរាគមន៍បន្ទាន់ពីប្រជាជន រួចក៏បានចុះទៅដល់កន្លែងកើតហេតុ និងឃើញសាកសពប្រជាជនមួយចំនួន រួចទៅហើយ។ បន្ទាប់មកទៀតក៏កម្លាំងប៉ូលិសបានតាមដាន និងធ្វើការបាញ់តបតជាមួយខ្មាន់កាំភ្លើងខាងលើ ដែលនាំឲ្យប៉ូលិសស្រីម្នាក់បាត់បង់ជីវិត និងប៉ូលិសម្នាក់ទៀតជាបុរសបានរងរបួស។ ជាចុងបញ្ចប់ ក្រោយការប្រដេញតាមគ្នាអស់ជាច្រើនម៉ោង ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ នៅក្បែរការ៉ាស់សាំងមួយកន្លែង ដែលមានចម្ងាយប្រមាណ ៣៥គីឡូម៉េត្រពីទីក្រុង Halifax។

គួរបញ្ជាក់ថា ចំពោះដើមចមដែលបានបង្កករណីបាញ់ប្រហារខាងលើនេះឡើង គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ហើយបើតាមការស៊ើបសួរជាបឋម ជនរងគ្រោះមួយចំនួន ដូចជាមិនដែលស្គាល់ខ្មាន់កាំភ្លើងខាងលើនេះឡើយ។ អភិបាលខេត្ត Nova Scotia លោក ស្ទេហ្វិន ម៉ាកណែល (Stephen McNeil) បានចាត់ទុកករណីបាញ់ប្រហារនេះ ជាអំពីហិង្សាដ៏អកុសលបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខេត្ត ៕ ស តារា


ចែករំលែក៖