ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា គិតមកដល់ត្រឹមម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ មានអ្នកជាសះស្បើយ ០២នាក់បន្ថែមទៀត ធ្វើឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ កើនឡើងដល់ ១០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ថយចុះមកត្រឹមតែ ១៥នាក់ប៉ុណ្ណោះ ។
ក្រសួងសុខាភិបាល សូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បើទោះបីអ្នកឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជា ត្រូវបានជាសះ ស្បើយជាបន្តបន្ទាប់ក្តី ប៉ុន្តែសូមពុកម៉ែ បងប្អូនកុំធ្វេសប្រហែសឲ្យសោះ ព្រោះយើងមិនអាចមើលដឹងថា អ្នកណាម្នាក់មានផ្ទុកវីរុសកូវីដ ១៩ នោះឡើយ ។ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ផ្អាកការជួបជុំគ្នាច្រើន និងត្រូវអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាលកម្ពុជា ដោយថែរក្សាសុខភាពខ្លួនជាប្រចាំ ដើម្បីចាកផុតពីការឆ្លងជំងឺកូវីដ ១៩ (Covid-19) រស់នៅសុខសាន្តគ្រប់ៗគ្នា ។
ក្នុងនាមប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏សូមអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្ត ដោយមិនគិតពីការនឿយហត់ និងការឆ្លងពីជំងឺកូវីដ ១៩ ដល់ខ្លួន ។ គុណបំណាច់របស់ក្រុមគ្រូពេទ្យទាំងអស់ ពិតជាមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក ទេវតាឆ្នាំជូត ព្រះនាម គោរាគៈទេវី សូមជួយប្រោះព្រំប្រសិទ្ធពរជ័យដល់ បងប្អូន ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ ទាំងអស់ ឆាប់បានជាសះស្បើយគ្រប់ៗគ្នា៕សហការី