ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ទទួលសម្ភារៈសម្រាប់បង្ការ មេរោគកូវីដ-១៩ ពីក្រុងសៀងហៃប្រទេសចិន ជាម៉ាស់និងខោអាវការពារមេរោគឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាសម្ភារៈ សម្រាប់បង្ការ
មេរោគឆ្លងកូវីដ-១៩ ពីក្រុងសៀងហៃប្រទេសចិន ខណៈជម្ងឺវីរុសកូវីដ-១៩នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជា របស់យើងបាននឹងកំពុងប្រឈមផង នោះ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ មេសា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីមួយចំនួនទៀតផងដែរ។
សម្ភារះដែលបានប្រគល់និងទទួលនេះ រួមមាន ម៉ាស់N-95ចំនួន៣០០០ម៉ាស់ ធម្មតាចំនួន២០០០០ ម៉ាស់និងខោអាវការពារមេរោគចំនួន៥០០កំប្លេរ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងនូវអំណរគុណ ចំពោះប្រទេសចិនដែលតែងតែជួយកម្ពុជាពិសេសក្នុងកាលៈទេសៈនេះ បើទោះបីថា នៅក្នុងប្រទេសចិនបាននិងកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយប៉ុន្តែ ចិននៅតែ បន្តជួយមកកម្ពុជា ដោយបានបញ្ជូននូវគ្រឿងបរិក្ខារ ដើម្បីការពារទប់ស្កាត់នូវជំងឺនេះមកអោយកម្ពុជាដែរ។ នេះគឺជាមិត្តដ៏ល្អបំផុត ដែលជួយគ្នាក្នុងគ្រាក្រ។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩នេះ ដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេកនិងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃ ពាក់ម៉ាស់ការ ពារ ជៀសអោយបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ។
លោក វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា  ក្នុងឱកាសនោះផងដែរ បានមានប្រសាសន៍លើកឡើងថា ប្រទេសចិននិងចូលរួមជាមួយកម្ពុជា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ។ ប្រទេសចិនគាំទ្រនិងជួយកម្ពុជាជានិច្ចការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ដោយកន្លងមកយើងបានបញ្ជូននូវគ្រឿងបរិក្ខាជាមួយនឹងពេទ្យជំនាញមកជួយកម្ពុជា ហើយចំពោះមុខប្រទេសចិន នឹងបន្តជួយកម្ពុជា បើប្រទេសកម្ពុជាត្រូវការឱ្យប្រទេសចិនជួយនោះ។
សូមបញ្ជាក់ថា៖ទីក្រុងសៀងហៃនៃប្រទេសចិន បានមានទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អជាមួយរាជធានីភ្នំពេញជាយូមកហើយ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីថ្ងៃទី ០៨តុលា ២០០៨ ដែលមកដល់ពេលនេះ មានអាយុកាលជាង១០ឆ្នាំហើយ៕ ដោយ៖ សំរិត


ចែករំលែក៖