ខេត្តពោធិ៍សាត់៖ ស្រ្តី ១នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាហោចអាធម័ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្ត បុកអ្នកជិះម៉ូតូកំពុងធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររវាងរថយន្ត និងអ្នកជិះម៉ូតូខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទី យប់ថ្ងៃអង្គារទី២១ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៩.១៤០ ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះ(ស្លាប់)ជាអ្នកបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ ឈ្មោះ ចិន ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ និងអ្នករួមដំណើររបួស(ធ្ងន់)ឈ្មោះ ឈុំ ស្រីតូច ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយ ។
របាយការណ៍នគរបាលខាងលើបន្តថា មុនកើតហេតុគេឃើញជនរងគ្រោះទាំងពីរធ្វើដំណើរ ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុ មានអ្នកបើកបររថយន្ត ១គ្រឿងស្របទិសគ្នា បុកពេញទំហឹងរួចបន្ថែមល្បឿនគេចបាត់ បណ្ដាលឲ្យស្រ្តីរងគ្រោះដួលរដូករណេលយ៉ាងរន្ធត់ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)សមត្ថកិច្ចធ្វើកំណត់ប្រគល់ទទួល ជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកស្រ្តីរងរបួសធ្ងន់ចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ដោយឡែក៖ ម៉ូតូព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បញ្ជាឲ្យប្រគល់ទទួលជូនក្រុមគ្រួសារជនរងគ្រោះ ៕ បុឹម ពិន