កណ្ដាល៖ ជនសង្ស័យម្នាក់ឃើញម៉ូតូប្រជាពលរដ្ឋទុកនៅខាងមុខផ្ទះ ឆ្លៀតពេលគ្មានមនុស្សនៅធ្វើសកម្មភាពលួចកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រម៉ាណ៩ និង ៤០នាទីព្រឹក ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ បន្ទាប់ពីលួចបានហើយ ជនសង្ស័យជិះទៅលាក់ទុកក្នុងចំការស្វាយមួយកន្លែង បានមួយថ្ងៃ ត្រូវសមត្ថកិច្ចស៊ើបដឹង ក៏ធ្វើការចាប់ខ្លួនចាត់ការតែម្ដង ។
ករណីចាប់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
លោកអនុសេនីយ៍ឯក ហុង សុខលី នាយប៉ុស្តិ៍សំពៅពូនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ចំណែកជនរងគ្រោះឈ្មោះ សម វុឌ្ឍី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅនៅភូមិ/ឃុំកើតហេតុខាងលើ ។ សម្ភារះវត្ថុតាងមាន៖ម៉ូតូមួយគ្រឿងម៉ាក HONDA CLIK ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្ដាល 1W.7281 មានលេខតួ និង លេខម៉ាស៊ីន 8022752។
លោកនាយប៉ុស្តិ៍បន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ដែលមានភិនភាគខាងលើ មកពីផ្សារកោះទៀវ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន។ ពេលជិះមកដល់ផ្ទះរបស់ខ្លួន ជនរងគ្រោះ ក៏បានចតម៉ូតូទុកនៅខាងមុខផ្ទះដោយពុំបានដកកូនសោរចេញពីម៉ូតូនោះទេ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះដើម្បីដាំស្លរ និងហាលខោអាវនៅខាងក្រោយផ្ទះ។ លុះប្រមាណជាងកន្លះម៉ោងក្រោយមក ទើបជនរងគ្រោះចេញមកខាងមុខផ្ទះមើលម៉ូតូ ក៏ស្រាប់តែបាត់ម៉ូតូតែម្ដង។
ភ្លាមៗនោះជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន អោយជួយស្រាវជ្រាវតាមរក ។ បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំននគរបាលប៉ុស្ដិ៍សំពៅពូន សហការជាមួយកម្លាំងជំនាញស្រុក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ១នាក់ឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ហើយក៏ធ្វើការឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ។
នៅចំពោះមុខនគរបាលជនសង្ស័យ ពៅ វណ្ណារ៉ា បានសារភាពថា រូបគេពិតជាបានលួចយកម៉ូតូ១គ្រឿងខាងលើ របស់ជនរងគ្រោះ សម វុឌ្ឍី ប្រាកដមែន និងបានជិះគេចចូលទៅក្នុងចំការស្វាយដែលម្ចាស់មិននៅ រួចបានដោះកាបាំង និងគំរបជុំវិញម៉ូតូនេះលាក់ទុកក្នុងចំការស្វាយនោះដែលស្ថិតនៅភូមិពោធិ៍ ឃុំព្រែកស្ដី ស្រុកកោះធំ ហើយនៅលាក់ខ្លួនទីនោះរហូតដល់ម៉ោង២០ ,០០នាទីថ្ងៃដដែលទើបជិះម៉ូតូនេះទៅទុកនៅក្នុង ផ្ទះរបស់ខ្លួនតែម្ដង ៕ ស្អាង ជ័យ
{“source_sid”:”125D3A06-E350-44C6-8C03-CF75B98101C9_1587528741580″,”subsource”:”done_button”,”uid”:”125D3A06-E350-44C6-8C03-CF75B98101C9_1587528736400″,”source”:”other”,”origin”:”unknown”}