ខេត្តកំពង់ស្ពឺ៖គោយន្តកន្ត្រៃ១គ្រឿងដឹកឈើពេញប្រៀបត្រូវបានកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបកសាងសំណុំរឿងបញ្ជូនបន្តដោយសារតែមើលឃើញថាអស់លោកមេព្រៃមិនស្ទុះស្ទារក្នុងការបង្ក្រាបបទល្មើសដែលរត់ឆ្លងកាត់ស្នាក់ការរបស់ខ្លួន។
ការបង្ក្រាបគោយន្តដឹកឈើធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ(៤៩-៥០) ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ បានសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំង នគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់គោយន្តកន្ត្រៃពណ៌ក្រហម ដឹកឈើអារប្រភេទគ្រឿងផ្ទះ ចម្រុះគ្មានច្បាប់អនុញ្ញាតិ នោះ ដោយម្ចាស់បានគេចខ្លួនបាត់ស្រមោល។
តាមការអោយដឹងពីសមត្ថកិច្ចឈើខាងលើដឹកចេញពីតំបន់ជាំ ឆ្លងកាត់ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាច្រើនកន្លែងណាស់ ទើបមកដល់កម្លាំងអាវុធហត្ថនិងនគរបាលសេដ្ឋកិច្ចសហការបង្ក្រាបបានបែបនេះ។
បច្ចុប្បន្ន ឈេីនិងគោយន្ត យកមករក្សាទុកជាបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់(មិនទាន់បានវាស់វែង)រង់ចាំប្រគល់ឲ្យកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈេីឱរ៉ាល់ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕សេនាស័ក្តិ


