ព័ត៌មានទាន់ហេតុការណ៍៖

ប្តីកំណាចចាប់ប្រពន្ធវាយទាត់ធាក់និងយកសាំងចាក់ស្រោចបម្រុងដុតសម្លាប់ចោល តែអ្នកជិតខាងជួយទាន់

ចែករំលែក៖

ខេត្តក្រចេះ ៖ ប្តីកំណាចម្នាក់ក្រោយពីផឹកស៊ីស្រវឹងនិងទំនងជាប្រចណ្ឌប្រពន្ធផងនោះបានចាប់បោចសក់ប្រពន្ធវាយទាត់ធាក់និងយកសាំងចាក់ស្រោចពីលើបម្រុងដុតសម្លាប់ចោលទៀត តែសំណាងត្រូវអ្នកជិតខាងជួយទាន់។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង ចេញទៅជួយស្ទើរមិនទាន់។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដារ បានឲ្យដឹងថា បុរសជាប្តីកំណាចនេះ មានឈ្មោះ អ៊ន នេន អាយុ៣៥ឆ្នាំ រស់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី។

មុនពេលកើតហេតុជនសង្ស័យមកពីផឹកស្រាស្រវឹងស្រែកឡូឡាពេញផ្ទះ។ពេលឃើញដូច្នេះប្រពន្ធក៏ស្តីបន្ទោសបន្តិចបន្តួចធ្វើឲ្យប្តីខឹងនិងទំនងជាប្រចណ្ឌផងក៏ចាប់បោចសក់ប្រពន្ធវាយទាត់ធាក់និងយកសាំងចាក់ស្រោចពីលើបម្រុងដុតសម្លាប់ចោលទៀត តែសំណាងល្អត្រូវអ្នកជិតខាងចេញមកជួយទាន់។

  ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយមានហេតុការណ៍នេះកើតឡើងជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី ចាប់ខ្លួនភ្លាមៗរួចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ ប្រាថ្នា


ចែករំលែក៖