អូស្រ្ដាលី៖នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានអំពាវនាវដល់បណ្តាមេដឹកនាំពិភពលោកបង្កើនអំណាចបន្ថែមទៀតដល់អង្គការសុខភាពពិភពលោកWHO ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស ទ្រង់ទ្រាយធំនៅលើពិភពលោក នាពេលអនាគត។
សារព័ត៌មាន ABC news នៅថ្ងៃទី២៣ខែមេសា បានដកស្រង់សម្តី លោក Scott Morrisonបញ្ជាក់ថា លោកបានជំរុញមេដឹកនាំពិភពលោក ក្នុងនោះមាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីបារាំង លោកម៉ាក្រុង អធិការបតីអល្លឺម៉ង់លោកស្រី Angela Merkel និងមេដឹកនាមជាច្រើនរូបទៀត ឲ្យសិទ្ធបន្ថែមទៀត ដល់អង្គការWHO ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសនាពេលអនាគតបានល្អជាងនេះ។
តាមសំណើរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី បុគ្គលិកសុខាភិបាលរបស់WHO មានសិទ្ធិក្នុងការស្រាវជ្រាវពីប្រភពនៃ វីរុសនៅក្នុងប្រទេសមួយដោយមិនចាំបាច់មានការអញ្ជើញពីប្រទេសនោះឡើយ ។ មិនតែប៉ុណ្ណោះ WHO មានសិទ្ធិ តាមដានឯកសារពាក់ព័ន្ធដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស។
អង្គការWHO កំពុងទទួលសម្ពាធយ៉ាងខ្លាំង ពីអូស្ត្រាលី និងបណ្តាប្រទេសលោកខាងលិច ដែលបានចោទប្រកាន់អង្គការនេះយឺតយ៉ាវក្នុងការទប់ស្កាត់កូវីដ១៩។ មិនតែប៉ុណ្ណោះប្រទេសលោកខាងលិចក៏បានចោទប្រកាន់WHO លំអៀងទៅចិន ទើបមានអ្នកឆ្លងកូវីដ១៩ ច្រើនបែបនេះនៅលើពិភពលោក៕