ភ្នំពេញ៖ បុរសម្នាក់ សង្ស័យបែកថ្នាំបានយកដុំថ្មគប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ភ្លាមនោះត្រូវកម្លាំងប្រជាការពារខណ្ឌដូនពេញ ឃើញជួយអន្តរាគមន៍ចាប់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសាកសួរ ។
ករណីឃាត់ខ្លួនបុរសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវព្រះសុរាមឹត្រ កែងផ្លូវព្រះនរោត្តម ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា បុរសដែលឃាត់ខ្លួននោះមានឈ្មោះ សូ ចាន់ណារ៉ា អាយុ២៦ឆ្នាំ មានស្រុកកំនើតនៅខេត្តកោះកុង ស្នាក់នៅផ្ទះជួល ផ្លូវលេខ៤៣៦ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មន្រ្តីដដែលបន្តថា បុរសរូបនេះ សង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀន ខណៈដែលសួរនាំនិយាយស្តាប់គ្នាមិនបាន ហើយកន្លងមកបុរសរូបនេះ ធ្លាប់ចាប់មកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខម្តងរួចមកហើយ ។ ដោយកាលពីថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២០ ម៉ោង៤និង៣៥នាទីរសៀល នៅក្បែរវិមានឯករាជ្យ ភូមិ៣ ផ្លូវព្រះសុរាមឹត្រ កែងព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មូលហេតុ៖ចង់ចូលមកភូមិគ្រឹះសម្តេច ក្រោយមកជននេះ ត្រូវបានបងប្រុសបង្កើតឈ្មោះ ឈាន សារិទ្ធ អាយុ៣២ឆ្នាំ ដែលមានលេខទូរស័ព្ទ 081717598 បាន ធ្វើការធានាយកទៅអប់រំម្តងហើយ ។ ប៉ុន្តែនៅតែដើរអុកឡុកបង្កហិង្សាដាក់អ្នកដ៏ទៃទៀត ទើបត្រូវប្រជាការពារខណ្ឌចាប់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីអប់រំបន្ត ៕ ដោយ៖ ជ្រោយពេជ្រ