ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ចាប់ទាំងយប់​ជនសង្ស័យ​២នាក់ ​លួច​បន្លំ​ដូរ​លុយ​តាម​វីង

ចែករំលែក៖

     ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច​នគរបាលប៉ុស្ដិ៍​ចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​បាន​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់​ខ្លួន​ជនសង្ស័យ​២នាក់ ដែល​លួច​បន្លំ​ដូរ​លុយ​តាម​វីង នៅម្តុំក្រុង​តាខ្មៅ។
     ក្នុងប្រតិបត្តិការ​នៃការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​នៅវេលាម៉ោង​ប្រមាណ​ជា​៩និង៤០​នាទី​យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ត្រង់​ចំណុចបុរី​ជីពម៉ុង ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។
​    លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានឲ្យដឹងថា​ ជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនរួមមាន​ ៖​ ទី១​ ឈ្មោះ ប៊ុន ធី  ភេទប្រុស អាយុ ២៩ឆ្នាំ   ជនជាតិខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ  ។
និងទី២-ឈ្មោះ ខុត ប៊ុនធឿន ភេទប្រុស  អាយុ ៣០ឆ្នាំ   ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ  ផ្លូវលំ ភូមិ សឡា សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។​ ពីបទ លួច (យកលុយផ្ទះវីងផ្ទេរប្រាក់)  កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង១៨ម៉០០នាទី នៅចំណុចផ្ទះវីងផ្ទេរប្រាក់ ផ្លូវលំ ភូមិ លេខ១ សង្កាត់ ស្វាយរលំ ក្រុង តាខ្មៅ ខេត្ត កណ្តាល   ។
​     ចំណែកជនរងគ្រោះឈ្មោះ ម៉ិច សីហា  ភេទ ប្រុស  អាយុ ១៧  ឆ្នាំ ជនជាតិ  ខ្មែរ ទីលំនៅចំណុចកើតហេតុខាងលើ មុខរបរ បើកវីងផ្ទេរប្រាក់    ។
​     លោកនាយប៉ុស្ដិ៍ចាក់អង្រែលេី​ បានឲ្យដឹងទៀតថា​ បន្ទាប់ពីកើតហតុជនរងគ្រោះបានបង្ហោះរូបភាពជនសង្ស័យខាងលើដែលធ្វើសកម្មភាពបន្លំលួចយកលុយ(នៅផ្ទះរបស់ខ្លួន) តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានឃើញស្គាល់ភិនភាគជនសង្ស័យទាំង០២នាក់ដែលឧស្សាហ៍ចេញ.ចូល ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ  លុះមកដល់ថ្ងៃទី២៣ ខែមេសា  ឆ្នាំ ២០២០ វេលាម៉ោង១៨ម៉០០នាទី ស្រាប់តែឃើញជនសង្ស័យទាំង០២នាក់ឈ្មោះ ប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន  កំពុងដើរនៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១  ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ  ។
​   ចំពោះជនសង្ស័យទាំង០២នាក់ឈ្មោះប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន បានប្រគល់ឲ្យទៅកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖