ភ្នំពេញ នៅទីស្ដីការក្រសួងព័ត៌មាននា ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំពិនិត្យកែលម្អចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ផ្នែកទោសប្បញ្ញត្តិ មុននឹងបញ្ចូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដីពិនិត្យ និង សម្រេចជាផ្លូវការលើសេចក្ដីព្រាងច្បាប់នេះ។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបង្ហាញនូវរបាយណ៍ អំពីការវិវត្តថ្មីៗ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ក្នុងនោះក៏មានការចូលរួមមតិ យោបល់ និងបានធ្វើការពិនិត្យកែលម្អលើសេចក្តីព្រាងច្បាប់នេះ ដើម្បីដាក់ក្នុងសេចក្តី ថ្លែង ហេតុ រួមទាំងបញ្ហាផ្សេងៗទៀត។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា៖ សេចក្តីព្រាងច្បាប់ស្តីពីស្តីពី សិទ្ធិ ទទួលព័ត៌មាន ដែលក្រសួងព័ត៌មាន ជាអ្នកធ្វើពង្រាង គឺមាន ១០ ជំពូកបចែកចេញជា ៣៦ មាត្រា ហើយច្បាប់នេះ មានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ សេរីភាព ក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ច ប្រជុំនេះ គឺជាការពិនិត្យចុងក្រោយបង្អស់ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មុននឹង បញ្ជូន ទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេចជាផ្លូវការ ហើយបញ្ជូនទៅរដ្ឋសភាធ្វើការ អនុម័ត។
សូមរម្លឹកថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំអ្នកសារព័ត៌មាន គឺសម្តេចបានជម្រុញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវតែធ្វើពង្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន អោយបានរួចរាល់មុនដាច់ឆ្នាំនេះ ហើយលោករដ្ឋមន្ត្រីក៏បានសន្យាជាមួយសម្តេច ធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នោះអោយហើយ៕សហការី