ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក ហ៊ុន ម៉ានី អនុប្រធានទីមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ និងក្រុមការងារបានអញ្ជើញចុះសាកសួរសុខទុក្ខ និងស្តាប់ពីលទ្ធផលនៃការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ កន្លងមកនិងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក៏ដូចជាស្វែងយល់ពីស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ពីថ្នាក់ដឹកនាំស្រុកឧដុង្គ ឃុំចាន់សែន និងឃុំក្រាំងចេកនៃស្រុកឧដុង្គ ក្រុងច្បារមន និងឃុំត្រពាំងគងនៃស្រុកសំរោងទង។
ជាមួយគ្នានោះ លោកក៏បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ថ្នាក់ ដឹកនាំជាពិសេសសម្តេចតេជោនយករដ្ធមន្រ្តីនិងលោកកត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាការលះបង់ទាំងកំលាំងកាយ ចិត្ត របស់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទក្នុងការចុះផ្សព្វផ្សាយ អប់រំណែនាំ ពីហានិភ័យ និងការបង្ការការឆ្លងជំងឺដល់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ ១៩នេះ៕ដោយ៖សិលា