ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទ៣នាក់ករណីកាប់គាស់ និងរុករានដីព្រៃធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីកាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទមាន ១.ឈ្មោះហម តុង ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី, ២ឈ្មោះ-អាង អៀង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី និង៣ឈ្មោះ-ធីម ធា ភេទប្រុស អាយុ៤៤ ឆ្នាំ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនត្រូវចោទទាំង៣នាក់ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តាមដាន និងស្រាវជ្រាវសកម្មភាពកាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចអូរជីមីស ឋិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក ហើយឈានដល់ការចាប់ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

ក្រោយការចាប់ឃាត់ខ្លួន មន្រ្តីឧទ្យានុរក្សបានដកហូតវត្ថុតាងរួមមាន គោយន្តកន្រ្តៃចំនួន១ និងម៉ាស៊ីនបាញ់ថ្នាំស្មៅចំនួន៣ យកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការអភិរក្សបរិស្ថានណាំរ៉ាម ដើម្បីកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិចាត់ការបន្តតាមនីតិវិធី៕ដោយ៖ សហការី


ចែករំលែក៖