ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ស្អែកនេះ បើពុំមានការផ្លាស់ប្តូទេ គឺក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ សន្និសីទសារព័ត៌មាននេះ នឹងត្រូវធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៧នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។
បញ្ហាកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន តែងរំលឹកដល់ជនរួមជាតិជានិច្ច គឺយេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច។
សម្តេចថ្លែងនៅព្រឹកថ្ងៃទី២៦ ខែមេសា នេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះបីកម្ពុជាយើងបានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តី ហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកេីនឡេីងដល់១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។
សម្តេចបន្តថា៖ ថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។
ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕ដោយ៖ សុខ ខេមរា