ភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់វែបសាយ Worldometer គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា តួលេខចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) សរុប បានកើនជាង ២០ម៉ឺននាក់ ខណៈករណីឆ្លងមានជិត ៣លានករណីហើយ ។
គួរជម្រាបថា ចាប់តាំងពីមានវត្តមានរយៈពេលជាង ៤ខែកន្លងមកនេះ COVID-19 បានចាប់ផ្តើមអុកឡុកនៅប្រទេសចិន និងកូរ៉េខាងត្បូងបន្ទាប់មកទៅអឺរ៉ុប និងអាមេរិក ហើយពេលនេះ កំពុងតែវាយប្រហារលើបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ដូចជាជប៉ុន សិង្ហបុរីឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេស និងតំបន់ច្រើនជាង២១០ សុទ្ធតែមានករណី COVID-19។
គិតមកត្រឹមពេលនេះ ជំងឺរលាកសួតប្រភេទថ្មី បានសម្លាប់មនុស្សចំនួនជាង ២០ម៉ឺននាក់ហើយ ខណៈករណីឆ្លងមានចំនួនជិត ៣លានករណីនិងអ្នកជាសះស្បើយមានចំនួន ៨៣ម៉ឺនករណី។ ប្រទេស ដែលមានអ្នកស្លាប់ច្រើនជាងគេ គឺចេញពីអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។ ក្នុងនោះមានដូចជា អាមេរិក (លេខ១) មានចំនួនជាង ៥ម៉ឺននាក់, អ៊ីតាលី(លេខ២) មានប្រមាណ ២៦០០០នាក់, អេស្ប៉ាញ (លេខ៣) មានចំនួន២២៩០២នាក់ បារាំង(លេខ៤) មានចំនួន ២២៦០៤នាក់ និងបណ្តាប្រទេសផ្សេងទៀត។
ចំណែកនៅក្នុងតំបន់អាស៊ានវិញ ប្រទេសមានអ្នកស្លាប់ច្រើនជាងគេគឺ ឥណ្ឌូណេស៊ី(លេខ១) មានចំនួន ៧២០នាក់, ហ្វីលីពីន(លេខ២) មានចំនួន ៤៩៤នាក់, ម៉ាឡេស៊ី(លេខ៣) មានចំនួន ៩៨នាក់, ថៃ(លេង៤) មានចំនួន ៥១នាក់, សិង្ហបុរី(លេខ៥) មានចំនួន ១២នាក់, មីយ៉ាន់ម៉ា(លេខ ៦) មាន៥នាក់, ព្រុយណេ(លេង៧) មាន១នាក់ ខណៈពេល កម្ពុជា, វៀតណាម និងឡាវ មិនទាន់មានករណីស្លាប់នោះទេ ៕ដោយ៖ស តារា