ព័ត៌មានទាន់ហេតុការណ៍៖

រឹតបន្តឹងច្បាប់ចរាចរណ៍ដើមខែឧសភានេះ នៅទូទាំងប្រទេសមាន ៥៦៨គោលដៅ និងកម្លាំងជិត៤ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា៖ គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍មាន ៥៦៨គោលដៅ ប្រើកម្លាំងជិត ៤ពាន់នាក់ នៅទូទាំងប្រទេសសម្រាប់អនុវត្តចាប់ដើមខែក្រោយនេះ។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្នុងចំណោគោលដៅចំនួន៥៦៨ ក្នុងនោះគោលដៅអចល័ត ចំនួន៤៣៦, គោលដៅចល័ត៦៨ និងគោលដៅដើមទី ចំនួន៦៤។ ផែនការណ៍នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះ។
សូមបញ្ជាក់ថា៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ពីពេលវេលា នៃការចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ តាមអនុក្រឹត្យថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ដែលទឹកប្រាក់ពិន័យក្នុងអនុក្រឹត្យថ្មីនេះ កើនពី៣ទៅ៥ដង។
សេចក្តីជូនដំណឹងរបស់សម្តេចក្រឡាហោម ស ខេង ដែលជាប្រធាន «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវឱ្យបានជ្រាបថា ចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ ដង»៕ដោយ៖សិលា

 


ចែករំលែក៖