ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗ…អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត លួចសាងសង់សំណង់លើដីច្រមុះជ្រូក រំលោភយកដីសាធារណៈធ្វើជាសំណង់រឹងមាំ

ចែករំលែក៖

ខេត្តកំពត៖ ករណីរំលោភយកដីសាធារណៈច្រមុះជ្រូក នៅចំកណ្តាលក្រុងកំពត ប្រព្រឹត្តដោយអនុប្រធានមន្ទីរសុខាភិបាល នោះ គឺបានដកខ្លួនប៉ុន្មានខែមកហើយ បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ ជំនាញ ប៉ុន្តែសន្ទុះនៃការរិៈគន់ពីមន្ត្រីរាជការតាមមន្ទិរជុំវិញខេត្ត ប្រជាជនច្រើនព្រោងព្រាត ឃើញថា បានផ្អាកសកម្មភាព តែមិនមានការចុះបង្ក្រាបពី សមត្ថកិច្ច អាជ្ញាធរ និងខាងជំនាញនោះឡើយ។
ផ្ទុយទៅវិញ ទើបស្ងាត់ៗ បុគ្គលដដែលនេះ ឈានដល់លួចបុកគ្រឹះ រៀបចាក់ជើងតាង សាងសង់នៅចំពោះក្រសែភ្នែក អាជ្ញាធរ សមត្ថកិច្ច ជំនាញបន្តទៀត ដោយគ្មានការអើពើ ទៅហាមឃាត់ពីអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញនៅឡើយរយៈពេលប៉ុន្មានថ្ងៃនេះ។
សូមបញ្ជាក់ថា៖ ការចាក់ដីបុកគ្រឹះរៀបជើងតាងនេះ ស្ថិតនៅចំណុចច្រមុះជ្រូករង្វង់មូលទឹករលក ក្នុងភូមិទ្វីខាងជើងសង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ។ កន្លងទៅប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត និងអភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា៖ មិនអនុញ្ញាតអោយអ្នកណាម្នាក់សាងសង់រំលោភលើដីសាធារណៈនោះទេ លើកលែងតែជាគោលការណ៍ របស់រដ្ឋរៀបចំអភិវឌ្ឍន៍ជាសួនច្បារ ក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់សាលាខេត្ត នោះអាចធ្វើបាន ដើម្បីជាសោភ័ណ្ឌភាពក្រុង និងសម្រាប់ការលំហែកាយ ទីហាត់ប្រាណ អង្គុយលេង ដល់ប្រជាពលរដ្ឋទូទៅ ដ៏ដូចភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកកម្សាន្ត។

ប្រជាពលរដ្ឋ និងមន្ត្រីរាជការបានរាយការណ៍មកថា៖ ពីមុនគឺឈ្មោះ លឹម ចាន់ មានតួនាទីជាអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត លួចចាក់ដី ថ្ម នៅលើទីតាំងដីច្រមុះជ្រូកនេះ រំលោភយកម្តងហើយ ម្តងទៀត បង្កើតជាប្រតិកម្មដល់
អភិបាលខេត្តចំនួនពីររូបបានហាមឃាត់គឺអាណត្តិ លោក ខូយ ឃុនហួរនិងអាណត្តិ លោក ចាន់ ចេស្តា មិនអនុញ្ញាតអោយ បុគ្គលនោះ សាងសង់សំណង់អ្វីនោះឡើយគឺទុកជាគំរោងអភិវឌ្ឍន៍សួនច្បារសាធារណៈរបស់ក្រុងកំពត។ ក្រោមមកអណត្តិ លោក ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ក៏មិនអនុញ្ញាតដដែល។ ប៉ុន្តែប៉ុន្មានថ្ងៃនេះ លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានលួចធ្វើបន្តចាក់ជើងតាង ខណៈអាជ្ញាធរ សមត្ថកិច្ច និងខាងជំនាញ កំពុងគិត រឿងវិធានការ ទប់ស្កាត់ បង្ការ ការរាតត្បាត នៃជំងឺកូវីដ-១៩ បែជនឆក់ឱកាសខាងលើ សម្រុកលួចសាងសង់ ទាំងអភិបាលក្រុងមិនបើកភ្នែកមើល។
ពាក់ព័ន្ធករណីនេះ លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាល ក្រុងកំពត បានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ថា៖ តាមពិតទៅ លោក លឹម ចាន់ គាត់មិនមានច្បាប់សាងសង់ទេ តែដីនោះជាដីកម្មសិទ្ធរបស់គាត់ គេបានចេញប្លង់អោយ បន្ទាប់ពីមានរឿងរ៉ាវឡើងតុលាការរួចមក។ លោកបន្តថា៖ អាណិតគាត់ដែរ គាត់នៅសល់តែដីបន្តិចប៉ុណ្ណឹង នៅកន្លែងសួនច្បារនោះ ដោយសារមានប្រវត្តិពីមុនមក ដីគាត់ត្រូវបានរដ្ឋធ្វើផ្លូវបុកមកចំពុះពាក់កណ្តាល ទើបនៅសល់ដីតូច កន្លែងសួនច្បារនេះ។ ម្យ៉ាងទៀតបើគាត់សង់ក៏ជាការចូលរួមអភិវឌ្ឃន៍លំអរទីក្រុងដែរ ខណៈដំបូងឡើយ ដីកន្លែងនេះជាលូទឹកស្អុយ សំរាម ដូច្នេះមើលទៅអាណិតគាត់ដែរ អោយគាត់សាងសង់ចុះ។
លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត មិនអាចសុំការបំភ្លឺបានទេ ក្នុងករណីលោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត លួចបុកគ្រឹះរៀបជើងតាងធ្វើសំណង់រឹងមាំលើសួនច្បារ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែកន្លងមក លោក ដាញ់ សារី ធ្លាប់បានអៈអាងថា៖ មិនអនុញ្ញាតអោយអ្នកណាយកដីសួនច្បារសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធ និងធ្វើសំណង់អ្វីឡើយ លើកលែងតែរដ្ឋត្រូវការអភិវឌ្ឍន៍តែប៉ុណ្ណោះ។
ដោយឡែក លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទថា៖ អ្នកណាមកធ្វើសំណង់លើសួនច្បារកណ្តាលក្រុងនោះ បើមាន..ចាំមើលខ្ញុំអោយមន្ត្រីចុះទៅពិនិត្យ..!.. ។ លោកបន្តថា៖ ខ្ញុំចង់បានរូបភាពទីតាំងនោះ បើមានរូបជួយសហការផ្តល់អោយខាងខេត្តផង ដើម្បីងាយស្រួលអោយក្រុមការងារចុះធ្វើការពិនិត្យជាក់ស្តែង។
មន្ត្រីរាជការបានលើកឡើងថា៖ ខ្វះណាស់ទៅឬ ដែលលោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត មកអភិវឌ្ឍន៍ធ្វើសំណង់រឹងមាំលើដីសួនច្បារដីច្រមុះជ្រូករបស់រដ្ឋចំកណ្តាលក្រុងបែបនេះ។ ពិសេសអាជ្ញាធរក្រុងកំពត តែម្តងជាអ្នកសមគំនិតអោយលួចសាងសង់ ទើបបុគ្គលនោះម្តងលួចចាក់ដី ម្តងចាក់ថ្ម ដល់ពេលមហាជន រិៈគន់ខ្លាំង ក៏បានផ្អាកមួយរយៈធំ។ បច្ចុប្បន្នប៉ុន្មានថ្ងៃនេះបន្តដល់លួចបុកគ្រឹះ រៀបជើងតាង តែក្នុងរូបភាពបន្លំលួចធ្វើដោយឆក់កណ្តៀតម្តងបន្តិចៗ គួបផ្សំនឹងអាជ្ញាធរក្រុងបើកភ្លើងខៀវនោះ។
ប្រជាពលរដ្ឋ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ដែលរស់នៅក្នុងក្រុង-ខេត្តកំពត សំណូមពរអោយអាជ្ញាធរខេត្ត មេត្តាមានវិធានការហាមឃាត់ ការរំលោភយកដីសួនច្បារចំណុចច្រមុះជ្រូកនេះប្រព្រឹត្តដោយ លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត នេះផង ដើម្បីជាប្រយោជន៍រួមសាធារណៈរបស់រដ្ឋ ៕សុខ ខេមរា


ចែករំលែក៖