ការប្រឈមមុខតានតឹងរវាងមហាអំណាចសេដ្ឋកិច្ច ទី១ ទី២លើពិភពលោក កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការចោទប្រកាន់របស់អាមេរិក ទៅលើចិន នៅតែបន្តធ្វើឡើង។ ពេលថ្មីៗនេះ ប្រធានាធិបតីដូណាល់ត្រាំបានប្រកាសថា នឹងទាមទារចិនសងសំណងពីការខាតបង់សេដ្ឋកិច្ចបង្កឡើងដោយកូវីដ១៩។
មិនត្រឹមតែចិនប៉ុណ្ណោះទេ លោកត្រាំបានចោទប្រកាន់អង្គការសុខភាពពិភពលោក WHO ត្រូវតែទទួលខុសត្រូវចំពោះបរាជ័យក្នុងការទប់ស្កាត់កូវីដ១៩ រាល់ដាលនៅលើពិភពលោក។
ឆ្លើយតបទៅនឹងការចោទប្រកាន់ទាមទារសំណងពីប្រធានាធិបតីអាមេរិក រដ្ឋាភិបាលចិនបានស្នើឲ្យរដ្ឋាភិបាលរបស់លោកត្រាំ ផ្តោតការទប់ស្កាត់កូវីដ១៩ ទើបជារឿងដ៏ប្រសើរ។ ចិនបានចោទប្រកាន់អាមេរិក ថាមានចេតនាបំផ្លាញកិត្តិយសរបស់ចិន នៅលើឆាកអន្តរជាតិ។
សារព័ត៌មាន Sputnik របស់រុស្ស៊ីនៅថ្ងៃទី២៨ខែមេសាបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនចាត់វិធានការទប់ស្កាត់កូវីដ១៩យឺតយ៉ាង ក្នុងពេល អ៊ីតាលី និងប្រទេសតំបន់អឺរ៉ុបឆ្លងច្រើនហើយតែអាមេរិក ធ្វើប្រងើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបញ្ជាក់ថា«មនុស្សគ្រប់គ្នាចង់ដឹងថាកូវីដ១៩ កើតឡើងនៅលើទឹកដីអាមេរិកដំបូងគេនាពេលណា? តើរដ្ឋាភិបាលអាមេរិកបានលាក់បាំងអ្វីខ្លះ? ហេតុអ្វីបានជាអាមេរិកព្យាយាមទម្លាក់កំហុសទៅឲ្យប្រទេសដទៃនិងអង្គការអន្តរជាតិ។
មន្ត្រីចិនបានបញ្ជាក់ថាទាំងអាមេរិក និងចិន សុទ្ធតែរងគ្រោះដោយសារកូវីដ១៩ ដូចគ្នា។ កូវីដ គឺជាសត្រូវរួមរបស់មនុស្សជាតិ ហើយរាល់ការចោទប្រកាន់ទម្លាក់កំហុសទៅឲ្យចិន គឺជារឿងបរាជ័យ៕