ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា ៖​ លីកាដូរដើរហួសពីជំនាញហិរញ្ញវត្ថុ

ចែករំលែក៖

ថ្មីៗនេះអង្គការលីកាដូរបានចេញរបាយការណ៍ដោយបានសម្តែងការព្រួយបារម្ភអំពីបញ្ហាវិបត្តិសេដ្ឋកិច្ចដែលប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋដែលខ្ចីប្រាក់ពីធនាគារឯកជនឬមីក្រូរហិរញ្ញវត្ថុបណ្តាលមកពីឥទ្ធិពលនៃវីរុសកូវីត១៩ ។ ការស្នើអោយវិស័យឯកជនទម្លាក់ចោលនូវបំណុលគឺជារឿងមិនអាចធ្វើទៅបានឡើយ ។ ផ្ទុយទៅវិញរាជរដ្ឋាភិបាលបានគិតគូរគ្រប់ជ្រុងជ្រោយរួចតាមរយះការស្នើអោយធនាគារឬស្ថាប័នហិរញ្ញវត្ថុនានាយោគយល់ចំពោះកូនបំណុលនៅក្នុងកាលះទេសះនេះ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រតិកម្មយ៉ាងខ្លាំងទៅនឹងរបាយការណ៍របស់អង្គការសង្គមស៊ីវិល ស្តីអំពីផលប៉ះពាល់ដែលបណ្ដាលមកពីការរីករាលដាលនៃវីរុសកូវីដ១៩។សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាត់ទុកថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង និងបណ្ដាលឱ្យមានផលប៉ះពាល់ដល់វិស័យ ធនាគារ និងហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទាំងមូល។ផ្ទយទៅវិញកាស្នើរឡើងរបស់អង្គការសង្គមស៊ីវិលនេះវានឹងធ្វើអោយមានការប្របូកច្របល់យ៉ាងខ្លាំងនៅក្នុងសង្គម។ វាក្លាយទៅការបាត់បង់សណ្តាប់ធ្នាប់ដោយមិនដឹងថា តើកូនបំណុលណាខ្លះដែលត្រូវបន្តសងនិងមិនសងម្ចាស់បំណុល។

ប្រតិកម្មរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើឡើងបន្ទាប់ពី អង្គការលីកាដូ បានចេញរបាយការណ៍មួយក្រោមចំណងជើងថា បំណុលមីក្រូហិរញ្ញវត្ថុគួរត្រូវបានព្យួរ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ យើងទទួលស្គាល់ផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីត១៩ ប៉ុន្តែការលុបចោលបំណុលទាំងស្រុងមិនមែនជាដំណោះស្រាយទេ វាបែរនាំអោយចលាចលនៅក្នុងសង្គមទៅវិញទេ។

បើតាមសេចក្តីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា «ក្នុងអំឡុងពេល នៃការចាប់ផ្តើមរីករាលដាលនៃវីរុសកូវីដ១៩ ធនាគារជាតិនៃកម្ពុជា បានធ្វើការវិភាគយ៉ាងល្អិតល្អន់នូវផលប៉ះពាល់នានា ដោយបានដាក់ចេញនូវវិធាន ដើម្បីសម្រាលបន្ទុកដល់អតិថិជនរបស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ»។សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន បញ្ជាក់ថា គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តយ៉ាងពេញលេញ នូវគោលនយោបាយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងសាម៉ីពាក់ព័ន្ធ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាល ដើម្បីធានា និងការពារបានគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យទាំងមូល ដោយគ្មានភាព ចាំបាច់ក្នុងការអនុវត្តតាមការស្នើសុំដោយខ្វះការសិក្សាត្រឹមត្រូវតាមនិយាមបច្ចេកទេសរបស់ស្ថាប័ន ដែលមិនពាក់ព័ន្ធ ឬជំរុញឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់ស្ថាប័នសង្គមស៊ីវិល ពាក់ព័ន្ធនឹងទ្រព្យធានាកាតព្វកិច្ចបំណុលដែលជាការអនុវត្តទូទៅលើសកលលោក និងជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ គឺកំពុងតែជំរុញឱ្យមានផលប៉ះពាល់ ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ។ ម៉្យាងវិញទៀត អនុសាសន៍របស់អង្គការសង្គមស៊ីវិលមួយចំនួន កំពុងតែជំរុញឱ្យសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត ដោយបង្កឱ្យបាត់បង់នូវជំនឿទុកចិត្តពីសំណាក់ អ្នកដាក់ប្រាក់បញ្ញើ មានទាំងមូលនិធិរបស់ស្ថាប័នសាធារណៈ ឯកជន និងរបស់អង្គការសង្គមស៊ីវិលខ្លួន ឯងផងដែរ។ លើសពីនេះទៀត ស្ថាប័នសង្គមស៊ីវិលទាំងនោះ គួរតែស្វែងយល់ឱ្យបានច្បាស់លាស់ថា ទ្រព្យធានា មិនមែនជាកម្មវត្ថុក្នុងការអនុវត្តផ្ទុយពីច្បាប់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនោះទេ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានអំពាវនាវទុកលទ្ធភាពឱ្យសាម៉ី ស្ថាប័ន ធនាគារ និងហិរញ្ញវត្ថុបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ផងដែរ។យ៉ាងណាក៍ដោយរាជរដ្ឋាភិបាលនៅតែជំរុញស្ថាប័នជំនាញគិតគូរដោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋដោយឈរលើផលប្រយោជន៍ទាំងអស់គ្នា៕ ហេង សូរិយា


ចែករំលែក៖