ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩ នៅបារាំងបន្តកើនឡើងខ្ពស់

ចែករំលែក៖

បារាំងបានចាប់ផ្តើមបិទប្រទេសតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីដ-១៩ ប៉ុន្តែចំនួនអ្នកឆ្លងនិងស្លាប់នៅតែបន្តកើនឡើងនៅក្នុងប្រទេសនេះ។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៨ខែមេសា បានផ្សាយថា បារាំងមានអ្នកឆ្លងកើនឡើងជាង២១៣ពាន់នាក់ និងស្លាប់ ជិត២៤ពាន់នាក់ហើយ។នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានថ្លែងថា ប្រទេសបារាំងមានពលរដ្ឋបាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ច្រើនបំផុតលំដាប់ទី៤ នៅលើលោក ។ បារាំងនឹងមានយុទ្ធសាស្ត្រថ្មី ដើម្បីធ្វើតេស្ត COVID-19 ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅពេលដែលមានការចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្ដឹងច្បាប់ចាក់សោ ឬបិទប្រទេសនោះ។
លោកនាយករដ្ឋមន្ត្រី បានព្រមានផងដែរថា អាជ្ញាធរអាចនឹងប្តូរទិសដៅ បើសិនចំនួនអ្នកឆ្លងប្រចាំថ្ងៃ កើនឡើងលើស ៣ ០០០ នាក់។ នៅពេលនេះ ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា ករណីថ្មីមាន ១ ៥២០ នាក់ ធ្វើឲ្យប្រទេសនេះមានអ្នកផ្ទុកវីរុស សរុបកើនដល់ ១២៩ ៨៥៩នាក់ ។
កូវីដ-១៩ នៅទូទាំងពិភពលោកបានឆ្លងសរុប ៣ ០៨៣ ៤៦៧ នាក់ ក្នុងនោះបាត់បង់ជីវិត ២១៣ ៨២៤ នាក់ និង ៩១៥ ៩៨៨ នាក់បានជាសះស្បើយ ។ ជំងឺនេះបាននិងកំពុងឆ្លងនៅលើដែនដី និងប្រទេស សរុប២២៥ ហើយអាមេរិកជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត ៕ដោយ៖ធី រីណា


ចែករំលែក៖