ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាឆក់ការបូប យ៉ាងសកម្មនៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាឆក់ការបូបម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលស្គាល់មុខសញ្ញាជនសង្ស័យ ពេលធ្វើសកម្មភាពឆក់ការបូបស្ពាយបានសម្រេចកាលពី៣ថ្ងៃមុន តាមផ្លូវលេខ៣៦៩ មុខស្ថានីយ៍ប្រេងឥន្ទនៈយីហោ”ណារ័ត្ន” ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ លុះដល់វេលាម៉ោង៨ យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។

មន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះថា ជនរងគ្រោះឈ្មោះប៉ុន ស៊ីដែត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យមានឈ្មោះ យន់ មាស ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉ក ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។

មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ជនរងគ្រោះនិងប្តី បានជិះម៉ូតូទៅផ្សារច្បារអំពៅ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ២នាក់ពាក់មួកការពារពណ៌ខ្មៅ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយអែបខាងស្តាំ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះដាក់លើភ្លៅ ក្នុងកាបូបមាន៖ ទូរស័ព្ទដៃ២គ្រឿង  ម៉ាក iPhone ១១-Pro Max ពណ៌ទឹកមាស ,ម៉ាកNokia ពណ៌ក្រហម , លុយខ្មែរចំនួន១០ ម៉ឺនរៀល បានសម្រេចហើយ ជិះគេចខ្លួនបាត់តែម្តង ។ ពេលនោះប្តីជនរងគ្រោះស្គាល់ជនសង្សយ័ច្បាស់ ឈ្មោះយន់ មាស និងឈ្មោះសីហា  ព្រោះធ្លាប់ដើរលេងជាមួយគ្នាកន្លងមក ក៏ជិះម៉ូតូដេញតាមមកដល់ម្តុំផ្ទះឈ្មោះ យន់ មាស ស្នាក់នៅ ដោយមានភាព ងងឹតខ្លាំងហើយស្ងាត់ទៀត ជនរងគ្រោះក៏ត្រលប់ទៅផ្ទះវិញ ។ លុះព្រឹកឡើងជនរងគ្រោះក៏មករាយការណ៍ប្តឹងសមត្ថកិច្ច ។ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨យប់ ទើបសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះយន់ មាស នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ហើយជនសង្ស័យជាមុខសញ្ញាសេពគ្រឿងញៀនផងដែរ ៕ សណ្តោស


ចែករំលែក៖