ខេត្តស្ទឹងត្រែង៖ នៅសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ លោកផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងក្រុមការងារ បាននាំយកនូវ ឧបករណ៍យុទ្ធនាការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ជូនមន្ទីរសុខាភិបាលខេត្ត ក្រុងនឹងស្រុក ដើម្បីយកទៅប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ដែលកំពុងមានការរីករាលដាលក្នុងប្រទេសកម្ពុជា និងសកលលោក។
លោកផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានមានប្រសាសន៍ថា សម្ភារៈ យុទ្ធនាការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ដែលផ្តល់ជូនមន្ទីរសុខាភិបាលខេត្តនាពេលនេះ មន្ទីរអាចយកទៅចាត់ចែងប្រើប្រាស់តាមតម្រូវការរបស់ខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺដ៍កាចសាហាវ ប្រភេទថ្មីកូវីដ១៩ បើទោះបីជំងឺនេះមើលទៅហាក់បីដូចមានការថយចុះករណីវិជ្ជមានអ្នកឆ្លងនៅកម្ពុជាយ៉ាងណាក្តី។
លោកមានប្រសាសន៍ទៀតថា ទោះបីជាគ្មានករណីអ្នកឆ្លងថ្មីយ៉ាងណាក៏ដោយ យើងមិនត្រូវភ្លេចខ្លួនឡើយ ព្រោះជំងឺដ៏កាចសាហាវនេះ អាចឆ្លងមកលើយើងបានគ្រប់ពេលវេលា បើសិនយើងមានការទ្វេសប្រហែស ជាពិសេសការអានាម័យឲ្យបានគ្រប់ពេលវេលា ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីជៀសផុតឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា។
ជាមួយគ្នានេះផងដែរ លោកបានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់មន្តយកចិត្តទុកដាក់ តាមដានអំពីសុខភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងបន្តយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានដឹងទូលំទូលាយអំពីវិធានការការពារ ខ្លួនកុំឲ្យមានការឆ្លងវីរុសកូរ៉ូណាឬកូវីដ១៩ ដ៏កាចសាហាវនេះ។
សូមបញ្ជាក់ផងដែរថាសម្ភារ:ដែលបានផ្តល់ជូនមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងនៅពេលនេះរួមមាន ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន០១គ្រឿងទឹកថ្នាំសម្លាប់មេរោគចំណុះ៤០លីត្រ ចំនួន ២៥ប៊ីដុង ស្មើនឹង១.០០០លីត្រ។
ឆ្លៀតក្នុងឱកាសនេះ លោកបានបន្តផ្តល់ជូននូវគ្រប់ពូជស្រូវ គ្រាប់បន្លែ និងសម្ភារៈមួយចំនួន សម្រាប់ការពារមេរោគកូវិដ១៩ ដល់ក្រុងស្ទឹងត្រែង និងស្រុកសេសាន ដោយក្នុង១ក្រុង នឹងស្រុក ទទួលបាន គ្រាប់ពូជបន្លែ ចំនួន៥០គីឡូក្រាម, ស្រូវពូជ ចំនួន១៥០គីឡូក្រាម, ម៉ាស់ ចំនួន១៥ប្រអប់ ស្មើនឹង៧៥០ម៉ាស់, ទឹកអាល់កុល ចំនួន៣០លីត្រ, និងសាប៊ូដុំលាងដៃ ចំនួន៣០ដុំ៕ដោយ៖មាស សុផាត