ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន ប្រកាសថាព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោល ប្រសិនបើមិនអាចដំណើរបាន ដោយសារ COVID-19

ចែករំលែក៖

ប្រទេសជប៉ុន៖ លោក Yoshiro Mori  ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន បានប្រកាសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោលតែម្តង ប្រសិនបើមិនអាចដំណើរបាននៅឆ្នាំ២០២១ទេនោះ ហើយគ្មានឡើយការពន្យារពេលជាលើកទីពីរ បើជំងឺ COVID-19 នៅតែមិនអាចគ្រប់គ្រងបានដល់ឆ្នាំក្រោយ ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុ Nikkan Sports លោក Mori ត្រូវបានអ្នកសារព័ត៌មានសួរថា តើអូឡាំពិក អាចត្រូវពន្យារពេលជាថ្មីរហូតដល់ឆ្នាំ២០២២ ទេ ប្រសិនបើជំងឺរាតត្បាត នៅតែគំរាមកំហែងដល់ឆ្នាំក្រោយទៀត។ លោកឆ្លើយយ៉ាងខ្លីថា «ទេ» បើមានករណីនោះមែន អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ត្រូវរំសាយចោលតែម្តង។ ជប៉ុនបានចំណាយលុយអស់១៣ពាន់លានដុល្លាររួចហើយ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាពិភពលោកមួយនេះ ។

ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន លើកឡើងទៀតថា ជប៉ុននឹងត្រូវចំណាយ៣ពាន់លានដុល្លារទៀត លើការពន្យារពេលនេះ។ ប៉ុន្តែលោកសង្ឃឹមថា ការប្រយុទ្ធប្រឆាំងCOVID-19 នឹងទទួលបានជោគជ័យ ហើយកីឡានេះ នឹងរៀបចំដោយសន្តិភាព នៅរដូវក្តៅឆ្នាំក្រោយ។

យ៉ាងណាក៏ដោយ លោក Mori ប្រធានអ្នករៀបចំព្រឹត្តិការណ៍នេះ អះអាងថា នឹងគ្មានការពន្យារពេលបន្តទៀតឡើយ ។ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) បានបង្ខំឲ្យជប៉ុនពន្យារពេល ធ្វើកីឡាអូឡាំពិកឆ្នាំ២០២០ រយៈពេលមួយឆ្នាំ ពោលគឺត្រូវធ្វើនៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ វិញ ។

សូមជម្រាបថា កាលពីសប្តាហ៍មុន គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសថាជប៉ុននឹងត្រូវបង់ប្រាក់បន្ថែមទៀត សម្រាប់ការពន្យារពេល ដំណើរការកីឡាអូឡាំពិកក្រុងតូក្យូ។ហើយនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក៏បានយល់ព្រមលើការបង់ថ្លៃបន្ថែមនេះដែរ ក្នុងរង្វង់ទឹកប្រមាណ ៣ពាន់លានដុល្លារអាមេរិក ។

ជុំវិញលទ្ធភាពដំណើរការអូឡាំពិកនៅឆ្នាំក្រោយ លោក Kentaro Iwata អ្នកជំនាញផ្នែកជំងឺឆ្លងមកពីសាកលវិទ្យាល័យ Kobe បានលើកឡើងថា ព្រឹត្តិការណ៍ដែលត្រូវបានពន្យារពេលទៅឆ្នាំ២០២១ មិនប្រាកដថា ជារយៈពេលដែលគ្រប់គ្រាន់ សម្រាប់ការលុបបំបាត់ជំងឺរាតត្បាតសកលនេះឡើយ។

តាមការអង្កេត លោក Iwata មើលឃើញថាជប៉ុនអាចគ្រប់គ្រងជំងឺនេះបាន នៅរដូវក្តៅឆ្នាំក្រោយប៉ុន្តែលោកមិនគិតថាប្រទេសដទៃ នៅជុំវិញពិភពលោកផ្សេងទៀត អាចបញ្ឈប់ COVID-19 នេះបានទាំងអស់នោះទេ។

ដោយឡែក លោក Yoshitake Yokokura ប្រធានសមាគមគ្រូពេទ្យជប៉ុន បានព្រមានថា វាពិតជាលំបាកខ្លាំងណាស់ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានៅឆ្នាំក្រោយ ប្រសិនបើវ៉ាក់សាំងមិនទាន់រកឃើញទេនោះ៕ ដោយ៖ស តារា


ចែករំលែក៖