ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ផ្តល់ថវិការនិងអង្ករដល់កងកម្លាំងនគរបាលនិងអាវុធហត្ថ

ចែករំលែក៖

ភ្នំពេញ៖ ផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលនិងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានខណ្ឌដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ជាពិសេសយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ នៅព្រឹកថ្ងៃ​ទី២៩​ ខែ​មេសា​ ឆ្នាំ​២០២០​ លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ បានលើកទឹកចិត្តដល់នគរបាលអធិការខណ្ឌ​និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ​ ដោយផ្តល់ជូនអង្គភាពនីមួយៗនូវអង្ករ​ ១០បាវ ស្មើ៥០០គីឡូក្រាម ទឹកសុទ្ធ​ ២០កេស និងថវិកា២លានរៀល ។
ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានថ្លែងកោតសរសើរដល់កងកម្លាំងទាំង២អង្គភាពដែលបានបំពេញការងារការពារសន្តិសុខសង្គម មានសាមគ្គីភាពផ្ទៃក្នុងល្អ យកចិត្តទុកដាក់ក្នុងការបំរើសេវ៉ាសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរ ជាពិសេសក្នុងកំឡុងពេលយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ ដែលរីករាលដាលជាសកល ។ សម្រាប់មូលដ្ឋានខណ្ឌខណ្ឌ ច្បារអំពៅបានអនុវត្តជាប់ជានិច្ចទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដោយបញ្ជូនកម្លាំងទាំងអស់ចុះអប់រំផ្សព្វផ្សាយ ពីវិធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ ដល់ប្រជាពលរដ្ឋនៅតាមសង្កាត់ទាំង៨ ។ ក្នុងនោះក្រៅពីកិច្ចការពារសន្តិសុខសង្គម កងកម្លាំងនគរបាលនិងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ ផងដែរ ។
ទោះជាមេរោគកូវីដ១៩ ជិតផុតរលត់ ទៅហើយក្តី តែលោកអភិបាលខណ្ឌនៅតែផ្តាំផ្ញើរដល់កងកម្លាំងទាំង២អង្គភាព ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រឿងសំខាន់ដែលយើងត្រូវរួមគ្នាធ្វើគឺ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង កុំអោយមេរោគ កូវីដ១៩ កើតមានតទៅទៀត ។
សូមបន្តអនុវត្តតាមវិធានណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួនបំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
ជាមួយគ្នានេះដែរលោកអធិការនគរបាលខណ្ឌនិងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានថ្លែងអំណរគុណលោកអភិបាលខណ្ឌដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ផ្គត់ផ្គង់ជាគ្រឿឧបភោគ បរិភោគ និងថវិការ ដល់កងកម្លាំងទាំង២ សម្រាប់ដោះស្រាយការងារនៅក្នុងអង្គភាព ៕ដោយ៖ សណ្តោស

 


ចែករំលែក៖