ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃ ដោះលែងពលករខ្មែរ១៤នាក់ក្នុងចំណោម១៧នាក់ក្រោយបង់ប្រាក់ពិន័យជាង១២០០ដុល្លារក្នុងម្នាក់ៗ

ចែករំលែក៖

ភ្នំពេញ ៖ តាមមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនាថ្ងៃ២៨មេសានេះថា អាជ្ញាធរថៃបានសម្រេចដោះលែងពលករខ្មែរចំនួន១៤នាក់ ក្នុងចំណោម១៧នាក់ ដែលពាក់ព័ន្ធបទល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹងអំឡុងបុណ្យចូលឆ្មាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយពួកគេនៅតែចចែស។ ការដោះលែងនេះធ្វើឡើងក្រោយពេលពួកគេ១៤នាក់យល់ព្រមបង់ប្រាក់ពិន័យចំនួន ៤ម៉ឺនបាត ឬស្មើជាង ១២០០ដុល្លារ សម្រាប់មនុស្សម្នាក់ៗ ។ រីឯ៣នាក់ទៀតដែលគ្មានលុុយត្រូវបានអាជ្ញាធរថៃបញ្ជូនទភតុលាការ។
សូមរំលឹកថា ពលករខ្មែរសរុប១៧នាក់ ត្រូវបានសមត្ថកិច្ចខេត្តផាធុមថានី ប្រទេសថៃ ចាប់ខ្លួនពាក់ព័ន្ធនឹងបញ្ហាល្មើសបំរាមប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹងអំឡុងបុណ្យចូលឆ្មាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលពួកគេបាននាំគ្នាផឹកស៊ី ហើយសើចសប្បាយហ៊ោកញ្ជ្រៀវព្រមទាំងថតសំញែងបង្ហោះតាម Facebook ថែមទៀត។
មន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា ទោះបីមានការដោះលែងពលករខ្មែរ១៤នាក់ នោះក៏ដោយក៏នៅសល់ពលករខ្មែរចំនួន៣នាក់ទៀតមិនទាន់ត្រូវបានអាជ្ញាធរថៃដោះលែងនៅឡើយទេ ដោយសារតែពួកគេមិនមានប្រាក់គ្រប់គ្រាន់ ដើម្បីបង់ឲ្យអាជ្ញាធរថៃ ទើបអាជ្ញាធរថៃ បន្តឃុំខ្លួននិងបញ្ជូនទភតុលាការ។
បើតាមតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអះអាងថាស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងតាមដានករណីពលរដ្ឋខ្មែរ ៣នាក់ទៀត ដែលអាជ្ញាធរថៃបញ្ជូនទៅតុលាការ។ លោកយល់ថា យ៉ាងណាក៏ដោយ តុលាការថៃ នឹងមិនដាក់ទោសទណ្ឌដល់ពួកគាត់ទេ ហើយអាចនឹងសម្រេចឲ្យពលរដ្ឋខ្មែរទាំង ៣រូបនោះ បង់ប្រាក់ពិន័យតែប៉ុណ្ណោះ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖