ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យុត្តិធម៌ដល់ជនជាតិអាមេរិកាំង (ថម) ហើយនៅយប់នេះ!​ (O’BRIEN GEORGE ALLEN)

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានអោយដឹង នាវេលាម៉ោង១២ និង៤០នាទី ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ថា៖ យប់ ខ្ញុំបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពតជាមួយ ថម។
លោកបន្តថា៖ ក្រោមការយកចិត្តទុកដាក់ដោះស្រាយប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ដ៏មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន គឺលោកថម ត្រូវបានទទួលយុត្តិធម៌ពិតប្រាកដនៅយប់នេះ។ ដីធ្លីដែលបាត់បង់ទាំងអស់ដោយសារប្អូនធម៌ដែលជាជនជាតិខ្មែរ គឺគាត់បានទទួលត្រឡប់មកវិញ ដោយភាគីម្ខាងទៀតបានទទួលស្គាល់កំហុសខ្លួន ហើយសុខចិត្តប្រគល់ដីជូន លោក ថម វិញទាំងអស់ ជាមួយនឹងពាក្យសុំទោសចំពោះកំហុសឆ្គងទាំងនោះ និងបានសុំលោកថមរាប់អានគ្នាតទៅមុខទៀត។

លោក ដួង តារា បន្តថា៖ ខ្ញុំពិតជារំភើបចិត្តក្រៃលែងចំពោះការយកចិត្តទុកដាក់ប្រកបដោយព្រហមវិហារធម៌ និងក្តីសណ្តោសដ៏ធំធេងបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយដោយផ្ទាល់និងលឿនបំផុតចំពោះករណី លោកថម (កាលពីថ្ងៃសុក្រទី២៤ -៣០ មេសា) ដែលបានទទួលលទ្ឋផលគួរអោយពេញចិត្តខ្លាំងបំផុត។

លោកបញ្ជាក់ថា៖ លោកថម ពេលនេះមានស្នាមញញឹមឡើងវិញហើយ គាត់សប្បាយចិត្តខ្លាំងណាស់ ហើយគាត់គ្រវីក្បាលតាត់ និងបើកភ្នែកធំៗ ជាច្រើនលើកច្រើនសារ ហើយលាន់មាត់ថា តើពិតមែនឬ? គឺមិនគួរអោយជឿសោះថាពិតជាមានយុត្តិធម៌សម្រាប់រូបលោកដែលជាជនបរទេសម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជា ហើយមានរឿងដ៏សោកសៅបំផុតនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ!

ក្នុងយុត្តិធម៌នេះ លោកថម បានគោរពកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់យុត្តិធម៌ជូនរូបលោក ហើយលោកនឹងចងចាំអំពើល្អរបស់កម្ពុជាជារៀងរហូត។ ពេលនេះ លោកថម និងខ្ញុំកំពុងស្នាក់នៅកំពតមួយយប់។

សូមអរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមជួយដោះស្រាយក្នុងរឿងនេះ​ និអរគុណបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់ ដែលបានចូលរួមអាណិតអាសូរដល់ថមក្នុងរឿងនេះ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖