ខេត្តព្រះសីហនុ ៖ សាកសពយុវជនម្នាក់ដែលទំនងជាស្លាប់២ថ្ងៃមកហើយ ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងកំសត់នៅលើវាលស្មៅក្នុងព្រៃក្បែរភូមិនៅម៉ោង១៤និង៣៥នាទីថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោយវត្តថ្មដាក្រោមភូមិសំរ៉ុងក្រោមឃុំសំរ៉ុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្រោយប្រទះឃើញសពភ្លាមព័ត៌មាននេះបានដឹងដលឪពុកម្តាយជនរងគ្រោះហើយសពត្រូវគេស្គាល់ឈ្មោះផាតភារៈភេទប្រុសអាយុ១៩ឆ្នាំមុខរបរបុគ្គលិកមីហ៊ីលវាលរេញទីលំនៅភូមិត្រពាំងមូលឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាបើយោងតាមការនិយាយប្រាប់ពីស្ត្រីឈ្មោះចាន់ដា អាយុ៤៣ឆ្នាំត្រូវជាម្តាយរបស់ជនរងគ្រោះបានប្រាប់ថាជនរងគ្រោះ(ផាតភារៈ) បានបាត់ពីផ្ទះចំនួន២ថ្ងៃមកហើយ(ថ្ងៃទី២៧ខែមេសា) នៅម៉ោងប្រមាណជា៩យប់ ដោយជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅឆ្នាំ២០១៩ពាក់ស្លាកលេខ1H-៩៧៧២ រហូតមកដល់ថ្ងៃនេះ។
យោងតាមការធ្វើកោសល្យវិច្ឆ័យរបស់កម្លាំងជំនាញស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថាសាកសពមានស្នាមវាយនឹងវត្ថុរឹងត្រូវក្បាលផ្នែកខាងក្រោយក្បែរទីតាំងសាកសពមានសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។ហើយករណីសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថានេះអាចជាបទល្មើសលួចមានស្ថានទំងន់ទោសបណ្តាលឲ្យស្លាប់។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ នរិន្រ្ទ