អន្តរជាតិ៖ មូលនិធិប្រជាជន នៃអង្គការសហប្រជាជាតិ (UNFPA) បញ្ជាក់ក្នុងរបាយការណ៍នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា ការបិទប្រទេស ឬបម្រាមឲ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរីកសាយភាយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) អាចបណ្តាលឲ្យស្ត្រីប្រមាណជា ៧លាននាក់មានផ្ទៃពោះ។
បើទោះបីជាវាជាវិធានការល្អក្នុងការបង្ការកូរ៉ូណាវីរុសក៏ដោយ ប៉ុន្តែការបិទប្រទេសក៏មានបញ្ហាប្រឈមដែរ ព្រោះវាអាចធ្វើឲ្យស្ត្រីប្រមាណជា ៤៧លាននាក់ មិនមានវិធានការការពារ ឬបង្ការការមានផ្ទៃពោះឲ្យបានត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន DPA ។
ការបិទប្រទេស ក៏នាំឲ្យមានអំពើហិង្សាផងដែរ។ បើតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ក្នុងរយៈពេលបិទប្រទេស ៦ខែ វានឹងបង្កឲ្យមានអំពើហិង្សាចំនួន ៣១លានករណីក្នុងគ្រួសារ ជាពិសេសលើស្ត្រី ដោយសារតែអ្នកទាំងនោះស្ថិតនៅក្នុងផ្ទះយូរពេក។
គួរបញ្ជាក់ថាCOVID-19 បានអុកឡុក និងរាតត្បាតយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ។ បញ្ហានេះ បានទាមទារឲ្យរដ្ឋាភិបាលនីមួយៗ ត្រូវតែបិទប្រទេសមួយផ្នែក ឬទាំងស្រុង ឬអំពាវនាវឲ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរីកសាយភាយនៃCOVID-19។
បើតាមការបញ្ជាក់របស់នាយកប្រតិបត្តិមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ លោកស្រី Natalia Kanem COVID-19 បានជះផលអាក្រក់យ៉ាងខ្លាំងមកលើស្ត្រី និងក្មេងស្រីៗ ព្រោះវាបានបង្កឲ្យមានវិសមភាពខ្លាំងនៅក្រុងគ្រួសារ ស្ត្រី និងកុមារីជាច្រើន នឹងបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងគ្រួសារ ជាពិសេសលើការថែរក្សាសុខភាពរាងកាយ និងសុខភាពបន្តពូជបានល្អទៀតផង។ ក្នុងន័យនេះលោកស្រី Natalia បានទទូចថា សុខភាពផ្លូវភេទរបស់ស្ត្រី និងសិទ្ធ ត្រូវតែមានការការពារឲ្យបានត្រឹមត្រូវ ។
សូមបញ្ជាក់ថា ក្រៅពីលើកឡើងពីផលវិបាករបស់ស្ត្រី និងកុមារក្នុងអំឡុងពេលកូរ៉ូណាវីរុស ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ក៏បានសហការជាមួយរដ្ឋាភិបាលមួយចំនួនផងដែរ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនិងសេវាថែទាំសុខភាពផ្សេងៗសម្រាប់ស្ត្រី និងកុមារ ៕ដោយ៖ស តារា