ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ» ។
សម្តេច ស ខេង មានប្រសាសន៍ថា បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬ បំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។
សម្តេច ស ខេង មានប្រសាសន៍បែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និង របៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង អគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
យោងតាមហ្វេសប៊ុកផេក , សម្តេច ស ខេង មានប្រសាសន៍ទៀតថា សូមកុំមានទស្សនៈថា នគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល ៕ដោយ៖ចេស្ដា