ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុង-ខេត្តកំពត អត់មានវិធានការហាមឃាត់សំណង់អត់ច្បាប់ សង់លើសួនច្បារ

ចែករំលែក៖

ខេត្តកំពត៖ អាជ្ញាធរក្រុង-ខេត្តកំពត ពិតជាបានដឹងយ៉ាងច្បាស់ថា ការសាងសង់សំណង់រឹងមាំលើសួនច្បារ ស្ថិតនៅចំណុចច្រមុះជ្រូករង្វង់មូលទឹករលក ក្នុងភូមិទ្វីខាងជើងសង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត គ្មានច្បាប់អនុញ្ញាត ប៉ុន្តែសំងំរបៀប( មិនដេកលក់ ធ្វើជាដេកលក់) ទុកអោយ លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត កាន់តែបន្តធ្វើដោយគ្មានខ្លាចញញើត អាជ្ញាធរ ជំនាញបន្តិចឡើយ។
ប្រជាពលរដ្ឋ មន្ត្រីរាជការ តាមមន្ទីរជុំវិញខេត្ត នៅតែឆ្ងល់ថា ហេតុអីអាជ្ញាធរក្រុង-ខេត្ត មិនមានវិធានការផ្លូវច្បាប់ បើសំណង់អត់ច្បាប់ ហើយសង់លើសួនសាធារណៈ ។ កុំថាឡើយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមើលទៅទើសភ្នែក សូម្បីអ្នកដំណើរផ្សេងៗ ក៏គេឆ្ងល់ដែរ តើមានអ្នកធំណាមួយនៅពីក្រោយខ្នងសំណង់អត់ច្បាប់នេះ យកសួនច្បារធ្វើជាទីតាំងសង់សំណង់រឹងមាំ។
ពាក់ព័ន្ធករណីនេះ លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាល ក្រុងកំពត មិនត្រឹមតែមិនមានវិធានការហាមឃាត់ក្នុងដែកសមត្ថកិច្ចគាត់ គ្រប់គ្រងប៉ុណ្ណោះទេ តាមទូរស័ព្ទកន្លងទៅជាមួយ អង្គភាព «នគរដ្រេហ្គន» លោកមិនបញ្ជាក់រឿងមានច្បាប់ នោះទេ លោកបានបកស្រាយថា៖ តាមពិតទៅ លោក លឹម ចាន់ គាត់មិនមានច្បាប់សាងសង់ទេ តែដីនោះជាដីកម្មសិទ្ធរបស់គាត់ គេបានចេញប្លង់អោយ បន្ទាប់ពីមានរឿងរ៉ាវឡើងតុលាការរួចមក។ លោកបន្តថា៖ អាណិតគាត់ដែរ គាត់នៅសល់តែដីបន្តិចប៉ុណ្ណឹង នៅកន្លែងសួនច្បារនោះ ដោយសារមានប្រវត្តិពីមុនមក ដីគាត់ត្រូវបានរដ្ឋធ្វើផ្លូវបុកមកចំពុះពាក់កណ្តាល ទើបនៅសល់ដីតូច កន្លែងសួនច្បារនេះ។ ម្យ៉ាងទៀតបើគាត់សង់ក៏ជាការចូលរួមអភិវឌ្ឃន៍លំអរទីក្រុងដែរ ខណៈដំបូងឡើយ ដីកន្លែងនេះជាលូទឹកស្អុយ សំរាម ដូច្នេះមើលទៅអាណិតគាត់ដែរ អោយគាត់សាងសង់ចុះ។
ប្រជាពលរដ្ឋរិៈបានគន់ថា៖ គ្មានការអភិវឌ្ឍន៍ណាធ្វើអោយគ្មានច្បាប់អនុញ្ញាតទេ ពិសេសគួររក្សាការពារសួនច្បារ ជាដីសាធារណៈ របស់រដ្ឋទុកជាផលប្រយោជន៍រួម។
ផ្ទុយទៅវិញ អ្នករំលោភសង់អត់ច្បាប់ មាឋានៈដល់អនុប្រធានមន្ទីរសុខាភិបាលខេត្ត ចាត់ទុកថា គាត់យល់ពីខុស និងត្រូវ តាមច្បាប់សាងសង់យ៉ាងពិតប្រាកដ មិនត្រូវទុកអោយបុគ្គលម្នាក់ ធ្វើសំណង់នេះ ជៈឥទ្ធិពលអាក្រក់ដល់សង្គមឡើយ។
សូមបញ្ជាក់ថា៖ អភិបាលខេត្តចំនួនពីររូបមកហើយ បានហាមឃាត់គឺអាណត្តិ លោក ខូយ ឃុនហួរនិងអាណត្តិ លោក ចាន់ ចេស្តា មិនអនុញ្ញាតអោយ បុគ្គលនោះ សាងសង់សំណង់អ្វីនោះឡើយគឺទុកជាគំរោងអភិវឌ្ឍន៍សួនច្បារសាធារណៈរបស់ក្រុងកំពត។ ដល់អណត្តិ លោក ជាវ តាយ ជាអភិបាល នៃគណៈអភិបាលខេត្តកំពត របៀបស្ទាក់ស្ទើរនៅសំងំទ្រឹង មិនមានវិធានការដូចអណត្តិអភិបាលខេត្តមុនៗ ។
ជុំវិញបញ្ហានេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានប្រាប់អង្គភាព«នគរដ្រេហ្គន» តាមទូរស័ព្ទនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា៖ ខ្ញុំទាន់ដឹងថាសំណង់នោះ គេសង់មានច្បាប់ឬអត់ទេ គ្រាន់តែឮគេថា ដីនៅម្តុំនោះ មានជាង៤០ម៉ែត្រការ៉េ មានប្លង់ជាប្រព័ន្ធតាំងពីមុនខ្ញុំមិនទាន់មកកាន់ជាអភិបាលខេត្ត ។ លោកបន្តថា អ្នកមុនចេញប្លង់អោយ ហើយឭថាមានរឿងច្រើនមកហើយ ពីមុនជាស្ថានីយ៍ប្រេងកាល់តិច ក្រោយមកជាស្ថានីយ៍ប្រេងសូគីមិច ដល់ពេលធ្វើស្ពានថ្មី ដីនោះកាត់ទៅជាចំណីផ្លូវ សល់តិចតួចនៅច្រមុះជ្រូកនោះ បម្រុងថាធ្វើសួនច្បារ តែក្រោយមកឮថាមានដីទំហំជាង៤០ម៉ែត្រ ការ៉េ មានប្លង់ ហើយម្ចាស់ចង់ធ្វើកន្លែងលក់កាហ្វេ ដល់ចឹងទៅ ខ្ញុំពិបាកដែរ មិនដឹងដេញគេដោយរបៀបណា ..! កំពុងគិតក្នុងរឿងនេះ ជាមួយជំនាញ។
ដោយឡែក លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត មិនអាចសុំការបំភ្លឺបានទេ ក្នុងករណីលោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត លួចបុកគ្រឹះរៀបជើងតាងធ្វើសំណង់រឹងមាំលើសួនច្បារ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែកន្លងមក លោក ដាញ់ សារី ធ្លាប់បានអៈអាងថា៖ មិនអនុញ្ញាតអោយអ្នកណាយកដីសួនច្បារសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធ និងធ្វើសំណង់អ្វីឡើយ លើកលែងតែរដ្ឋត្រូវការអភិវឌ្ឍន៍តែប៉ុណ្ណោះ។
មន្ត្រីរាជការបានលើកឡើងថា៖ បើលោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត មានប្លង់ស្របច្បាប់ ក៏បានមកអោយភាពមិនប្រក្រតីដែរ តើគាត់រត់ច្បាប់ដោយរបៀបណា បើដីនោះជាដីច្រមុះជ្រូកសួនច្បារ បើបិទប្រកាសតាមនីតិវិធី ពិតជាមានប្រជាពលរដ្ឋតវ៉ា ហើយសំខាន់គឺអាជ្ញាធរក្រុង-ខេត្តតែម្តង ជាអ្នកជំទាស់ទៅលើការស្នើសុំធ្វើបណ្ណ ព្រោះជាដីសាធារណៈរបស់រដ្ឋ។
ខណៈនេះឈានដល់អាជ្ញាធរគួរមានវិធានការហាមឃាត់ រក្សាទុកដីសួនច្បារជាសម្បត្តិរួមរបស់ជាតិ ក្នុងករណីចេញបណ្ណអោយឯកជន ត្រូវរដ្ឋដោះស្រាយជាមួយ លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត ជាគោលនយោបាយណាមួយ មិនមែនអោយបុគ្គលមកធ្វើសំណង់លើសួនច្បារ យ៉ាងនេះទេ៕ដោយ៖សុខ ខេមរា


ចែករំលែក៖